ប្រទេសលីបង់ទទួលគ្រឿងសម្ភារយោធាថ្មីពី ស.រ.អា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ — ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ស្ថានទូតអាម៉េរិកក្នុងប្រទេសលីបង់បានប្រកាសពីថ្ងៃពុធថា យោធាលីបង់បានទទួលពី ស.រ.អា នូវប្រព័ន្ធអាវុធពិឃាតច្បាស់លាស់ទំនើប ( APKWS ) មានតម្លៃ ១៦ លានដុល្លារ ។

តាមកាសែតឯករាជ្យអនឡាញ Elnashra ឱ្យដឹងថា រ៉ុក្កែតទាំងនេះនឹងបង្កើតបាននូវសមាសភាគយ៉ាងសំខាន់មួយនៃយន្តហោះ ​A-29 Super Tucano  ដែលជារបស់កងកម្លាំងអាកាសលីបង់ ។

ស្ថានទូតនេះបាននិយាយថា ការប្រគល់ទំនិញនេះ នឹងឆ្លុះបញ្ចាំងឱ្យឃើញម្តងទៀតការសន្យាដ៏ខ្លាំងធ្វើឡើងដោយ រដ្ឋាភិបាលអាម៉េរិក ដើម្បីគាំទ្រដល់យោធាលីបង់ថា ជាអ្នកការពារតែប៉ុណ្ណោះ ដល់ប្រទេសលីបង់។

ស.រ.អា គឺជាអ្នកផ្តល់ជំនួយយោធាដ៏ធំបំផុតដល់ប្រទេសលីបង់នៅ ពេលដែលយោធាលីបង់បាន ទទួលជំនួយយោធាសរុបទាំងអស់ ១,៥ពាន់លានដុល្លារពីរដ្ឋការអាម៉េរិកជាបន្តបន្ទាប់ចាប់តាំងពីសង្គ្រាមឆ្នាំ ២០០៦ ជាមួយអ៊ីស្រាអែល ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )