រុស្ស៊ីនឹងបន្តជួយស៊ីរីក្នុងការរំដោះទឹកដី

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ — រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សែហ្គេ ឡាវរ៉ូវ ( Sergei Lavrov ) បាននិយាយពីថ្ងៃពុធថា ប្រទេសរុស្ស៊ីនឹងធ្វើរាល់អ្វីៗ ដើម្បីជួយដល់រដ្ឋាភិបាលស៊ីរី ព្រមទាំងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនរំដោះប្រទេស ។

លោក ឡាវ រ៉ូវ បាននិយាយនៅឯសន្និសីទសារព័ត៌មានមួយថា យើងនឹងគាំទ្រសកម្មភាពរបស់ យោធាស៊ីរី ដែលនឹងអនុវត្តន៍ស្របទៅតាម ខ នានា នៃច្បាប់មនុស្សធម៌អន្តរជាតិ ។

លោកបាននិយាយថា ប្រទេសរុស្ស៊ីនឹងមិនធ្វើតាមផ្លូវក្រុមចម្រុះដឹកនាំដោយអាម៉េរិកនៅក្នុងទីក្រុង    រ៉ាក់កា ប្រទេសស៊ីរីភាគខាងជើង ដែលគេប្រើធ្វើជារដ្ឋធានីតាមព្រឹត្តិន័យរបស់ក្រុមភេរវជនរដ្ឋអ៊ិស្លាម ( IS ) នោះឡើយ ។

តាមលោក ឡាវរ៉ូវ ឱ្យដឹងថា សាកសពអ្នកស្លាប់មិនត្រូវបានគេយកចេញ ហើយទឹកដីមិនត្រូវបានសំអាតគ្រាប់មីន បន្ទាប់ពីប្រតិបត្តិការមួយដែលធ្វើឡើងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី  ដែលអាម៉េរិក គាំទ្រដោយការវាយប្រហារពីអាកាស និងកងទ័ពជើងគោករបស់ក្រុមចម្រុះប្រឆាំង IS នៅរ៉ាក់កាក្នុងឆ្នាំ ២០១៧ ។

លោក ឡាវរ៉ូវ បាននិយាយថា រដ្ឋាភិបាលស៊ីរីដាច់ខាតមិនត្រូវការសេណារីយ៉ូដូចគ្នានេះទេ ។

លោក ឡាវរ៉ូវ បាននិយាយថា ផ្សេងគ្នាពីរ៉ាក់កា អតីតជនភៀសខ្លួនរាប់រយពាន់នាក់បានវិលត្រឡប់ ទៅកាន់ទីក្រុងអាឡេប៉ូវិញ ព្រមទាំងតំបន់ហ្គូតាភាគខាងកើតរបស់ក្រុងដាម៉ាស់ ដែលរំដោះបានដោយ     យោធាស៊ីរី ដែលគាំទ្រដោយកងកម្លាំងអាកាសរុស្ស៊ី ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)