ចិនបដិសេធសេចក្តីរាយការណ៍ពីការទាក់ទងជាមួយពួកប្រឆាំងវ៉េណេស៊ុយអេឡា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ — ប្រទេសចិនបាននិយាយពីថ្ងៃពុធថា ខ្លួនសង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយដែលមានជាប់ពាក់ព័ន្ធ នឹងរាយការណ៍ព័ត៌មានដោយគោរពទៅតាមគោលការណ៍ នៃការមិនលំអៀង និងត្រឹមត្រូវ​ ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ជុន យីង បានធ្វើការកត់សម្គាល់នេះនៅពេល ដែលគេស្នើឱ្យធ្វើអត្ថាធិប្បាយ ស្តីពីកាសែត Wall Street Journal ដែលរាយការណ៍ថា ពួកអ្នកការទូតចិន បានធ្វើការទាក់ទងជាមួយពួកអ្នកតំណាងប្រឆាំងវ៉េណេស៊ុយអេឡា ក្នុងក្រុងវ៉ាស៊ីងតោននោះ ។

លោកស្រី ហួ បាននិយាយនៅឯសន្និសីទកាសែតមួយថាថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយខ្លះបាននឹងកំពុងប្រឌិតព័ត៌មានក្លែងក្លាយ ។ ខ្ញុំមិនដឹងនូវអ្វីដែលជាគោលបំណងនោះទេ ។ យើងសង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយដែលមានជាប់ពាក់ព័ន្ធនឹងរាយការណ៍ព័ត៌មានដែលគោរពទៅតាមគោលការណ៍ដែលមិនលំអៀង និងត្រឹមត្រូវ ។

លោកស្រី ហួ បាននិយាយថា សម្រាប់បញ្ហាប្រទេសវ៉េណេស៊ុយអេឡាបច្ចុប្បន្ន ប្រទេសចិនគាំទ្រការស្វែងរកដំណោះស្រាយនយោបាយមួយតាមរយៈការសន្ទនាគ្នា និងការពិគ្រោះយោបល់គ្នា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )