រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិជាច្រើនដើម្បីបង្កើនកិច្ចគាំពារកុមារ

វិទ្យុជាតិកម្ពុជា៖ លោក អ៊ឹម ភិរក្សនារីរតនៈ ៖រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ច្បាប់ និងផែនការយុទ្ឋសាស្ត្រពង្រឹងប្រសិទ្ឋភាពកិច្ចការពារកុមារ ដែលធានាឲ្យទទួលបាននូវការថែទាំផ្គត់ផ្គង់ សុវត្ថភាព ការចិញ្ចឹមបីបាច់យ៉ាងកក់ក្តៅផងដែរ ។

ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការ ប្រចាំការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាច្រើនក្នុងការការពារអន្តរាគមន៏ និងផ្តល់សេវាចំពោះកុមារដែលមិនទាន់រងគ្រោះ និងកុមាររងគ្រោះ ដើម្បីធានាដល់សិទ្ឋិរបស់កុមារឲ្យរួចផុតពីការរំលោភបំពានផ្សេងៗព្រមទាំងឲ្យមានកិច្ចគាំពារចំពោះកុមារ។


ឯកឧត្តម បានអះអាងថា បច្ចុប្បន្ននៅកម្ពុជា នៅមានកុមារមួយចំនួនជាជនរងគ្រោះដោយការបង្ខំឲ្យធ្វើការ និងជួញដូរ ហើយមួយចំនួនទៀតទទួលរងគ្រោះដោយអំពើហិង្សាការរំលោភបំពាន ឬពិការភាព ទៅលើកុមារទាំងផ្នែករាងកាយ ផ្លូវភេទ និងផ្លូវចិត្ត ដែលរាជរដ្ឋាភិបាលនិងប្តេជ្ញាលុបបំបាត់ឲ្យអស់។
សូមបញ្ជាក់ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានសហការជាមួយអង្គការដៃគូជាច្រើនដើម្បីពង្រឹងប្រសិទ្ឋិភាពនៃកិច្ចការពារឧត្តមប្រយោជន៏របស់កុមារឲ្យរួចផុតពីការរំលោភបំពាន អំពើហិង្សា ការជួញដូរ និងការកេងប្រវាញគ្រប់រូបភាព៕