ក្រសួងពាណិជ្ជកម្ម ដាក់ចំណាត់ការត្រៀមឆ្លើយតប ប្រសិនបើគណៈកម្មការអ៊ឺរ៉ុបព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA

វិទ្យុជាតិកម្ពុជា៖​ ដោយ​ លោក ហោ សេងគ្រី៖

ក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវចំណាត់ការត្រៀមឆ្លើយតប ប្រសិនបើគណៈកម្មការ អ៊ឺរ៉ុបព្យួរបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់ទំនិញទាំងអស់ លើកលែងតែអាវុធ(EBA) ដើម្បី លើកទឹកចិត្តដល់អ្នកផលិតនិងអ្នកនាំចេញ។
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា រដ្ឋាភិបាលនឹងធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីជួយ កាត់ បន្ថយថ្លៃដើមផលិតកម្ម ថ្លៃដឹកជញ្ជូន លុបចោលនូវការយកកម្រៃសម្រាប់គ្រប់គ្រងការនាំចេញ និងការសុំវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញព្រមទាំងបានរំកិលទីតាំងឈរជើង របស់អគ្គនាយកដ្ឋានកាំកុងត្រូល។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីថ្ងៃ១២ កុម្ភៈ បានបញ្ជាក់បន្ថែមថា ក្រសួងពាក់ព័ន្ធក៏កំពុងបន្តធ្វើកំណែទម្រង់សំដៅបង្កើនភាព ប្រកួតប្រជែងនៃផលិតផលកម្ពុជា និងពង្រឹងឯករាជ្យភាពផ្នែកសេដ្ឋកិច្ច។
លោកង៉ែតជូ ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុន Emerging Markets Consulting បានឱ្យដឹងថា ការនាំចេញស្រូវអង្ករនិងផលិតផលកសិកម្មផ្សេងទៀតមិនសូវប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារផលិតផលទាំងនោះនាំចេញមានចំនួនតិចនិងអាចបង្វែរទីផ្សារទៅប្រទេសផ្សេងទៀតបាន។ជាមួយគ្នានេះលោកបានស្នើឱ្យរាជរដ្ឋាភិបាលជួយសម្រួលស្ថានភាពសេវារដ្ឋបាល កាត់បន្ថយការចំណាយ និងធ្វើកំណែទម្រង់ ដើម្បីធានាបាននូវនិរន្តភាពវិស័យឯកជន។
លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បានឱ្យដឹងផងដែរថា បើទោះបីជា កន្លងមក អឺរ៉ុបជាទីផ្សារនាំចេញម្រេចធំជាងគេក៏ដោយ ប៉ុន្តែលោកមិនសូវបារម្ភនោះទេ ដោយសារតែនៅឆ្នាំ២០១៩នេះ ការនាំចេញម្រេចនឹងបង្វែរទីផ្សារនាំចេញទៅប្រទេសផ្សេងទៀត។
សូមជម្រាបថាសហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់កម្ពុជា ដែលមានទំហំប្រមាណ៤៥ភាគរយនៃផលិតផលនាំចេញរបស់កម្ពុជាកាលពីឆ្នាំ២០១៨ដែលរួមមាន សំលៀកបំពាក់ ស្បែកជើង កង់ អង្កររួមផលិតផលកសិកម្មផ្សេងៗទៀត៕