រាជរដ្ឋាភិបាលកំពុងពិចារណាគម្រោងសង់រោងចក្រវារីអគ្គិសនីមួយទៀតនៅខេត្តក្រចេះ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ៖

រាជរដ្ឋាភិបាលកំពុងតែ​ពិចារណា​ចំពោះគម្រោងសាងសង់រោងចក្រវារីអគ្គិសនីមួយទៀតនៅខេត្តក្រចេះ ដើម្បីលើកកម្ពស់សន្តិសុខថាមពលក្នុងស្រុកឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម វ៉ិចទ័រ ហ្សូណា អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថាគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីនៅស្រុកសំបូរខេត្តក្រចេះ កំពុងស្ថិតក្នុងជំហាននៃការសិក្សានៅឡើយដោយទាមទារពេលវេលាច្រើនឆ្នាំទៅមុខទៀត ដោយសារវាស្ថិតនៅក្នុងទន្លេមេគង្គ។
ឯកឧត្តមបានបញ្ជាក់ថា គម្រោងសិក្សាវារីអគ្គិសនីសំបូរនេះ មានជម្រើសជាច្រើន គឺមានជម្រើស២៦០០ គីឡូវ៉ាត់ ១៧០០ គីឡូវ៉ាត់ ហើយជម្រើសមួយទៀត ៤៦០មេកាវ៉ាត់ ដែលសិក្សាដោយគណៈកម្មាធិការជាតិទន្លេមេគ្គង។ ឯកឧត្តមបានបន្ថែមទៀតថា ការអភិវឌ្ឍន៍វារីអគ្គិសនីមួយនេះ អាចធ្វើឡើងនៅក្រោយឆ្នាំ ២០២៥ ដោយត្រូវការសិក្សាលំអិត ជាពិសេសថ្លៃសេដ្ឋកិច្ច និងផលប៉ះពាល់ ទៅលើប្រជាពលរដ្ឋ ទាំងផ្នែកបរិស្ថានសង្គម និងបរិស្ថានធម្មជាតិ។
យើងត្រូវរំពឹងគិតថា ការជ្រើសជម្រើសណាដែលមានសេដ្ឋកិច្ចខ្ពស់ ជម្រើសណាមានផលប៉ះពាល់ តិចបំផុត បរិស្ថានធម្មជាតិ បរិស្ថានសង្គម សេ្ថរភាពក្នុងការផ្គត់ផ្គង់ថាមពល បញ្ហាសន្តិសុខថាមពល ជារឿងសំខាន់ វាផ្សារភា្ជប់នឹងគន្លឹះនយោបាយសេដ្ឋកិច្ចជាតិយើង ថាមពលគឺ មិនតែបំរើប្រជាពលរដ្ឋមួយមុខទេ ថាមពលចូលរួមចំណែក ជាស្នូលនៃការអភិវឌ្ឍថាមពលបានបម្រើការងារ ឧស្សាហកម្មនិងសប្បិកម្ម សេវាកម្មនានាការផ្គត់ផ្គង់ថាមពល ប្រកបដោយចរន្តភាពគឺជាកត្តាផ្សារភ្ជាប់ ជាមួយសេដ្ឋកិច្ចនៅកម្ពុជា។
លោកឳម សាវាទ នាយកសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលបានបញ្ជាក់ថា ការមិន អភិវឌ្ឍន៍គម្រោងវារីអគ្គិសនីសំបូរកាត់ដងទន្លេមេគង្គនេះគឺជាជម្រើសដ៏ល្អ ដែលមិនធ្វើឲ្យប៉ៈពាល់ដល់ចរន្តទឹក ធនធានមច្ឆជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។លោកបញ្ជាក់ថា ខណៈបណ្តាប្រទេសមួយចំនួនទៀតនៅទន្លេមេគង្គលើកំពុងសាងសង់វារីអគ្គិសនីបានធ្វើឲ្យគុណភាពទឹកនៅតាមដងទន្លេមេគង្គក្រោមត្រូវបានបំពុល ហើយរបបទឹកទន្លេមានភាពផ្លាស់ប្តូរ ប៉ៈពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងមច្ឆជាតិ។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីសំបូរកាត់ទន្លេមេគង្គត្រង់ខេត្តក្រចេះនេះ អាចទាញយកប្រភពថាមពលអគ្គិសនីរហូតដល់២៦០០ មេហ្គាវ៉ាត់ នឹងបង្កើតជាអាងស្តុកទឹក មានប្រវែងរហូតដល់ជាង៨០គីឡូម៉ែត្រទៅដល់ខេត្តស្ទឹងត្រែង។
សូមបញ្ចាក់ថា មកដល់ពេលនេះកម្ពុជាមានវារីអគ្គសនីចំនួន៧កន្លែងហើយដោយ៦កន្លែង ស្ថិតនៅភាគខាងត្បូងឈៀងខាងលិចនៃប្រទេសកម្ពុជាមានដូចជា វារីអគ្គិសនីអាតៃ ឬស្សីជ្រុំកំចាយ គីរីរម្យ១ គីរីរម្យ៣ និងវារីអគ្គិសនីតាតៃនិង មួយកន្លែងទៀតគឺវារីអគ្គិសនីសេសានក្រោម២ស្ថិតនៅខេត្តស្ទឹងត្រែងភាគឥសាននៃប្រទេសកម្ពុជា៕