កម្ពុជាយល់ថា៖ប្រព័ន្ធអនុគ្រោះពន្ធ(EBA)របស់សហភាពអឺរ៉ុបដែលធ្លាប់ផ្ដល់ឱ្យមិនមែនជាអ្នកអាចគ្រប់គ្រងជោគវាសនារបស់ប្រជាជាតិកម្ពុជានោះទេ

វិទ្យុជាតិកម្ពុជា៖លោក ហោ សេងគ្រី ៖


រាជរដ្ឋាភិបាលកម្ពុជា កំពុងតែស្វែងរកទីផ្សារនៃការនាំចេញផលិតផលវាយណភណ្ឌទៅកាន់ប្រទេសផ្សេងទៀត ក្រៅពីសហភាពអឺរុបហើយ ខណៈសហភាពអឺរ៉ុបបានចាប់ផ្ដើមដំណើរការព្យូរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធីគ្រប់មុខ ទំនិញលើកលែងតែសព្វាវុធ(EBA) កាលពីថ្ងៃទី១២ខែកុម្ភៈ។
ឯកឧត្តមផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា៖ការអនុគ្រោះពន្ធ របស់សភាពអឺរ៉ុប ចំពោះការនាំចេញផលិតផលកាត់ដេរ ពីកម្ពុជានោះ មិនមែនជាអ្នកអាចកំណត់នូវជោគវាសនារបស់កម្ពុជាទេ អ្វីដែលសំខាន់ បំផុតសម្រាប់កម្ពុជាពេលនេះគឺសន្តិភាពនិងស្ថិរភាពនយោបាយ។ ឯកឧត្តម មានប្រសាសន៍ ទៀតថា៖កម្ពុជាសូមអរគុណ ចំពោះសហភាពអឺរ៉ុប ដែលបានផ្ដល់ប្រព័ន្ធ អនុគ្រោះពន្ធ(EBA)រយៈពេល២០ឆ្នាំ សម្រាប់ជួយអភិវឌ្ឍន៍ កាត់បន្ថយភាពក្រីក្រនិងបង្កើនគុណភាពនៃការរស់នៅរបស់ពលរដ្ឋខ្មែរ ប៉ុន្តែមិនមែនមានន័យថាEBA ជាអ្នកគ្រប់ គ្រងជោគវាសនារបស់កម្ពុជានោះទេ។ ប្រតិកម្មរបស់មន្ត្រីនៃរាជរដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់ពីបណ្ដាប្រទេសនៃសហភាពអឺរ៉ុបបានចាប់ផ្ដើមដំណើរការព្យូរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធីគ្រប់មុខ ទំនិញលើកលែងតែសព្វាវុធ(EBA)កាលពីថ្ងៃទី១២ខែកុម្ភៈ ដោយសារតែសហភាពអឺរ៉ុបយល់ថាកម្ពុជាកំពុងមានការរំលោភសិទ្ធិមនុស្ស រំលោភលើសេរីភាពនៃការ បញ្ចេញមតិ និងសិទ្ធិការងារធ្ងន់ធ្ងររួចមក។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានសំដែងការ សោកស្ដាយ ចំពោះសហភាពអឺរ៉ុប ដែលបានចាប់ផ្ដើមដំណើរការព្យូរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ(EBA)មកលើកម្ពុជានេះ ។ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១២ខែកុម្ភៈ ក្រសួងការបរទេស បានហៅដំណើរ ការ ព្យូរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ (EBA)មកលើកម្ពុជានេះថា គណកម្មការ អឺរ៉ុបមិនបានឈរលើគោលការណ៍ស្មោះត្រង់និងយុត្តិធម៌ទេ ។សហភាពអឺរ៉ុបបានបិទភ្នែក នៅពេលដែលប្រទេសជាច្រើន ដែលមិនបានអនុវត្តន៍ពេញលេញតាមអនុសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យផង ប៉ុន្តែបែរជាបានទទួលនូវក្របខ័ណ្ឌអនុ គ្រោះពន្ធ ពីសហភាពអឺរ៉ុបដែរនោះ។
ក្រសួងការបរទេសសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប ដែលបានចាប់ផ្ដើមដំណើរការព្យូរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធមកលើ កម្ពុជានោះ គ្មានហេតុផលអ្វីធំដុំ ក្រៅតែពីផ្ដោតការយកចិត្តទុកដាក់ទៅលើតែអស្ថិរភាព របស់អតីតគណបក្សសង្គ្រោះជាតិ និងជោគវាសនានៃថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ដែលច្បាប់បានរំលាយចោលទៅហើយតែប៉ុណ្ណោះ។
សមាគមកាត់ដេរកម្ពុជាGMAC បានអំពាវនាវ ឱ្យសហភាពអឺរ៉ុប ពិចារណាបានហ្មត់ចត់ ឡើងវិញចំពោះការចាប់ផ្ដើមដំណើរការព្យូរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធនៅកម្ពុជានេះ ដោយបានចោទសួរថា៖ការចាត់នីតិវិធីបែបនេះមកលើកម្ពុជា តើវា មានលក្ខណៈសមាមាត្រ ជាមួយនឹងការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជាដែរឬក៏អត់?។
សមាគមកាត់ដេរកម្ពុជា ឱ្យដឹងថា៖កាលពីឆ្នាំ២០១៧ សហគ្រាសកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ធ្វើដំណើរ គឺជាចំណែកដ៏ធំមួយនៃការនាំចេញពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប ក្នុងទំហំទឹកប្រាក់៣៧៦ពាន់លានអឺរ៉ូ ក្នុងចំណោមទឹកប្រាក់ដែលសហភាពអឺរ៉ុបបាននាំចូលទំនិញពីប្រទេសនានា ក្នុងទំហំទឹកប្រាក់សរុបជាង៥ពាន់លានអឺរ៉ូនោះ។ GMAC នៅតែបន្តជំរុញសហភាពអឺរ៉ុប ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយនយោបាយ ដែលមានលក្ខណៈទទួលខុសត្រូវ សម្រាប់គ្រប់ភាគីទាំងអស់ក្នុងពេលនេះ។
សេចក្តីប្រកាសពត៌មានរបស់ក្រសួងពាណិជ្ជកម្មឱ្យដឹងថា៖ការចាប់ផ្ដើមដំណើរការព្យូរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធីគ្រប់មុខទំនិញលើកលែងតែសព្វាវុធ(EBA)របស់សហភាពអឺរ៉ុប មកលើកម្ពុជា ដំណាក់កាលដំបូងមានរយៈពេល១៨ខែ ចាប់ពីថ្ងៃទី១២ខែកុម្ភៈ តទៅ ដើម្បីទុកពេលពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជានិងភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមពីវឌ្ឍនភាពនិងការអនុវត្តន៍កាតព្វកិច្ចបទបញ្ញត្តិលេខ978/2012នោះ៕