ចំការអំពៅប្រមាណ៨៣ហិកតាក្នុងស្រុកស្វាយទាបជាប់ព្រំដែនកម្ពុជាវៀតណាមត្រូវបានភ្លេីងឆេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖ចំការអំពៅសម្រាប់ធ្វេីស្ករចំនួន៨៣ហិកតាត្រូវបានអណ្តាតភ្លើងឆេះស្ទើរគ្មានសល់របស់ក្រុមហ៊ុនចំនួន២ស្ថិតនៅក្នុង ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ករណីភ្លើងឆេះចំការអំពៅនេះ បានកើតឡើងកាលពីវេលាម៉ោង១១:១០នាទី នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក កុយ សារ៉េន ម្ចាស់ចំការអំពៅបានឲ្យដឹងថា មុនពេលមានភ្លើងឆេះគេឃើញមានកម្មករកំពុងកាប់អំពៅ និងមានម៉ាស៊ីនច្រូតក៏កំពុងតែច្រូតផងស្រាប់តែសុខៗមានជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅហើយស្លឹកអំពៅហោះរាយប៉ាយពិបាកគ្រប់គ្រងខ្លាំងណាស់។

លោកបានបន្តទៀតថា ខណ:ភ្លើងកំពុងឆេះនោះក្រុមកម្មករនាំគ្នារត់មកការដ្ឋានដើម្បីមកយកអាត្រាក់ទ័រភ្ជួរកាត់ចំការអំពៅនិងបាញ់ទឹកប៉ុន្តែមិនបានជោគជ័យនោះទេដោយសារមានខ្យល់បក់ហើរស្លឹកអំពៅដែលឆេះមកកាត់មុខអាត្រាក់ទ័រ ហើយការឆេះនោះវាលឿនពេកកម្មករស្ទើររត់ពុំរួចផង។ ហេតុការណ៍នេះ បណ្តាលឲ្យឆេះអស់ចំនួន 57 ហិចតានិងក្រុមហ៊ុន សុផាត សំណាង អស់ចំនួន 26 ហិចតាផងដែរ។


លោកបានបញ្ជាក់ទៀតថា ភ្លើងរលត់ទៅវិញនៅម៉ោង ២:២០ នាទីរសៀល ហើយមូលហេតុបណ្តាលឲ្យឆេះនេះមិនដឹងច្បាស់ថាជាករណីឆេះដោយសារធម្មជាតិ ឬមានអ្នកលួចដុត ឬជក់បារីបោះកន្ទុយបារីនោះទេ បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
​ សូមបញ្ជាក់ថា​ ចំការអំពៅតំបន់នេះតែងតែឆេះជាញឹកញាប់ពិសេសនៅរដូវប្រាំងធ្វេីអោយក្រុមហ៊ុនដាំអំពៅទាំងនោះមានការខាតបង់ជាបន្តបន្ទាប់​ ៕