បេសកជន អ.ស.ប ចេញពីយេម៉ែន ទៅកាន់ទីក្រុងរីយ៉ាដ ដើម្បីជំរុញសន្តិភាពដែលទាល់ច្រក

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ — បេសកជនពិសេស អ.ស.ប នៅ ប្រទេសយេម៉ែនលោក ម៉ារទីន ហ្គ្រីបហ្វីត ( Martin Griffiths  ) បានចាកចេញពីរដ្ឋាធានី សាណាអា របស់ប្រទេសយេម៉ែន ដែលពួកឧទ្ទាមកាន់កាប់កាលពីថ្ងៃអង្គារនេះ បន្ទាប់ពីធ្វើទស្សនកិច្ចមួយថ្ងៃ ដើម្បីជំរុញឱ្យមានសន្តិភាពនៅក្នុងប្រទេសដែលហែកហួរ ដោយសង្គ្រាមនេះ ។

មន្ត្រីមួយរូបនៅឯបេសកកម្ម អ.ស.ប ក្នុងទីក្រុងសាណាអា បាននិយាយជាអនាមិកថា លោក  ហ្គ្រីបហ្វីត នឹងធ្វើដំណើរទៅកាន់ទីក្រុងរីយ៉ាដ រដ្ឋាធានីប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបរដ្ឋាភិបាល យេម៉ែនដែលនិរទេសខ្លួនរបស់ប្រធានាធិបតីលោក អាប់ រ៉ាប់ប៊ូ ម៉ាន់សួរ ហាឌី ( Abd-Rabbu Mansour Hadi  )។

វាជាដំណើរលើកទី៤ របស់លោក ហ្គ្រីបហ្វីត  ទៅកាន់ទីក្រុងសាណាអា ក្នុងពេល ២ខែក្នុងការប៉ុនប៉ងរបស់លោក ដើម្បីបំបែកភាពទាល់ច្រកនៅក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងក្រុងស្តុកខុល ដែលបានផ្តោតទៅលើកំពង់ផែសមុទ្រក្រហម Hodeidah របស់ប្រទេសយេម៉ែន ដែលជាកំពង់ផែយ៉ាងសំខាន់នៃការនាំចូលពាណិជ្ជកម្មរបស់ប្រទេស ព្រមទាំងជំនួយមនុស្សធម៌  ។

ក្នុងអំឡុងទស្សនកិច្ច កាលពីថ្ងៃចន្ទរបស់លោក លោក ហ្គ្រីបហ្វីត   បានព្រមានថា ជំនួយធញ្ញជាតិដែលគរទុកក្នុងទីក្រុង Hodeidah ដែលគេឡោមព័ទ្ធ ដើម្បីចិញ្ចឹមមនុស្សជាង ៣លាននាក់នោះ នឹងប្រឈមមុខនឹងការស្អុយរលួយ ដោយស្នើសុំដល់ភាគីដែលប្រឆាំងគ្នាឱ្យអនុញ្ញាតដល់ក្រុម អ.ស.ប ចូលជាបន្ទាន់ទៅកាន់រោងម៉ាស៊ីនកិននានា ដើម្បីប្រគល់ជំនួយទៅឱ្យអ្នកដែលត្រូវការបំផុតនោះ ។

លោកបាននិយាយថា ការគរទុកនេះ គេមិនអាចចូលទៅបានទេអស់ពេលជាង៥ ខែមកហើយ នឹងបានទាមទារដល់ភាគីច្បាំងគ្នាកុំឱ្យពន្យារថែមទៀត ។ សង្គ្រាមស៊ីវិល ៤ ឆ្នាំ បានរុញច្រានមនុស្សជាង១២ លាននាក់ទៅរកភាពអត់ឃ្លាន ​ព្រមទាំងបង្កើតនូវ អ្វីដែល អ.ស.ប ហៅថា វិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោកនោះ ។

ភាគីច្បាំងគ្នាបានសម្រេចកិច្ចព្រមព្រៀងសន្តិភាពមួយក្នុងទីក្រុងស្តុកខុល កាលពីក្នុងខែធ្នូ ឆ្នាំកន្លងទៅ ។ ជាទូទៅពួកគេទទួលយកកិច្ចព្រមព្រៀងឈប់បាញ់នៅ Hodeidah នេះប៉ុន្តែមិនបានដកកងកម្លាំងរបស់ពួកគេចេញទេ  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )