OPEC ផ្លាស់ប្តូរការព្យាករណ៍កំណើនតម្រូវការប្រេងពិភពលោកឆ្នាំ ២០១៩

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ — អង្គការបណ្តាប្រទេសនាំប្រេងចេញ ( OPEC ) កាលពីថ្ងៃអង្គារនេះបានព្យាករណ៍ពីកំណើន តម្រូវការប្រេងពិភពលោក សម្រាប់ឆ្នាំ ២០១៩ថា មាន ១,២៤លានធុងក្នុងមួយថ្ងៃ ដែលទាបជាងបន្តិច ពីការវាយតម្លៃខែមុន ដែលថា មាន១,២៩  លានធុងក្នុងមួយថ្ងៃនោះ ។

ការកែប្រែដែលធ្លាក់ចុះ៥០.០០០ ធុងក្នុងមួយថ្ងៃសម្រាប់ឆ្នាំ ២០១៩នេះ ជាសំខាន់គឺជាលទ្ធផល មួយនៃការរំពឹងទុកខាងសេដ្ឋកិច្ចដែលធ្លាក់ចុះក្នុងឆ្នាំ ២០១៩ សម្រាប់ OECD អាម៉េរិកនិងអឺរ៉ុប ក៏ដូចជាអាម៉េរិកឡានីន និងមជ្ឈិមបូព៌ា ។

OPEC  បាននិយាយនៅក្នុងសេចក្តីរាយការណ៍ប្រចាំខែថ្មីបំផុតរបស់ខ្លួនថា ​ចំពោះអត្រាកំណើននេះ តម្រូវការប្រេងពិភពលោក ជាមធ្យមត្រូវបានគេគ្រោងថា នឹងឡើងទៅដល់១០០លានធុងក្នុងមួយថ្ងៃ សម្រាប់ឆ្នាំ ២០១៩នេះ ។

សេចក្តីរាយការណ៍បាននិយាយថា ការព្យាករណ៍កំណើនសេដ្ឋកិច្ចជាសកលត្រូវបានគេកែប្រែចុះមកនៅ៣,៣ភាគរយសម្រាប់ឆ្នាំ ២០១៩ និង ៣,៦ ភាគរយសម្រាប់ឆ្នាំ ២០១៨ ។

សេចក្តីរាយការណ៍នោះបាននិយាយថា នៅក្នុង OECD  កំណើន ស.រ.អា ឆ្នាំ ២០១៩ ត្រូវបានគេផ្លាស់ប្តូរចុះមកនៅ២,៥ភាគរយ បន្ទាប់ពីកំណើន២,៩ភាគរយក្នុងឆ្នាំ ២០១៨ ដោយឡែកកំណើនតំបន់អឺរ៉ុបក៏ត្រូវបានគេផ្លាស់ប្តូរចុះមកនៅ១,៣ ភាគរយសម្រាប់ឆ្នាំ ២០១៩ បន្ទាប់ពីកំណើន ១,៨ ភាគរយ ក្នុងឆ្នាំ ២០១៨ ។

សេចក្តីរាយការណ៍នោះបាននិយាយថា នៅក្នុងបណ្តាប្រទេសមិនមែន OECD  ការព្យាករណ៍កំណើន ៦,១ភាគរយរបស់ប្រទេសចិនក្នុងឆ្នាំ ២០១៩ នៅតែឥតផ្លាស់ប្តូរដដែល បីខែមុនបន្ទាប់ពីមានភាព ប្រសើរបន្តិចជាងកំណើនដែលបានរំពឹងទុកនៅក្នុងឆ្នាំ ២០១៨ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )