ចិនបដិសេធការកៀបសង្កត់របស់អាម៉េរិកលើប្រ​ទេសខ្លះដែលប្រើប្រាស់បច្ចេកវិទ្យាចិន   

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ  ឆ្នាំ២០១៩ — ប្រទេសចិនកាលពីថ្ងៃអង្គារបានបដិសេធការកៀបសង្កត់របស់អាម៉េរិកកាលពីពេលថ្មីៗនេះ លើបណ្តាប្រទេសខ្លះចំពោះការប្រើប្រាស់គ្រឿងសម្ភារៈបរិក្ខារ ដែលទាក់ទងដល់វិស័យតួយ៉ាងដូចជា ទូរគមនា គមន៍ជាដើម ដោយនិយាយថា ទង្វើរបស់អាម៉េរិកមិនត្រឹមត្រូវនិងគ្មានសីលធម៌ ។

សេចក្តីរាយការណ៍នានាបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉ែវ ( Mike Pompeo ) បានព្រមានសម្ព័ន្ធមិត្តកាលពីថ្ងៃចន្ទ ប្រឆាំងនឹងការដាក់ពង្រាយគ្រឿងសម្ភារៈបរិក្ខារមកពីក្រុម ហ៊ុនយក្សទូរគមនាគមន៍ចិន Huawei នៅលើទឹកដីរបស់ខ្លួន ដោយនិយាយថា វានឹងធ្វើឱ្យមានការលំបាកថែមទៀតដល់ក្រុងវ៉ាស៊ីងតោនចំពោះ « ភាពជាដៃគូជាមួយពួកគេ » ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ជុនយីង ( Hua Chunying ) បាននិយាយនៅឯសន្និសីទសារព័ត៌មានមួយថា មួយរយៈនេះភាគីអាម៉េរិកបានធ្វើការដោយឥតនឿយហត់ ដើម្បីប្រឌិតនូវហេតុផលដែលមិនពិតផ្សេងៗ ព្រមទាំងវោហាសាស្ត្រ « គំរាមប្រទេសចិន » ដោយគំរាមកំហែងជាក់ស្តែងព្រមទាំងបោះស្នៀតមួយនៅចន្លោះចិន និងបណ្តាប្រទេសដទៃទៀត ក៏ដូចជាមួលបង្កាច់ និងកៀបសង្កត់សិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់សហគ្រាសចិនក្នុងការបន្តការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ។

លោកស្រី ហួ បាននិយាយថា ភាគីចិនសង្ឃឹមថា ភាគីទាំងអស់នឹងបោះបង់ចោលនូវការលំអៀងខាងមនោគមវិជ្ជា ក៏ដូចជាគំនិតសង្គ្រាមត្រជាក់និងផលបូកសូន្យ ដើម្បីបង្កើតបរិយាកាសមួយដែលត្រឹមត្រូវមានរាប់បញ្ចូល, មានតម្លាភាពនិងទៅតាមបទដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការជាមិត្ត ជាអន្តរជាតិ ធម្មតា និងមានផលប្រយោជន៍ទៅវិញទៅមក ។

នៅពេលជាមួយគ្នានោះដែរ លោកស្រី ហួ ក៏បានសាទរផងដែរ ដល់ការធ្វើអត្ថាធិប្បាយដែលឯករាជ្យត្រឹមត្រូវនិងមិនលំអៀង ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេស ហុងគ្រី លោក Peter Szijjarto នៅពេលដែលលោក Szijjarto គេរាយការណ៍ថា បានទាត់ចោលនូវកង្វល់របស់អាម៉េរិកនោះ ។

លោកស្រី ហួ ក៏បានសម្តែងនូវជំនឿផងដែរថា ចំណងទាក់ទងចិន-ហុងគ្រី នឹងមិនត្រូវធ្វើឱ្យខូចខាត ឬ ធ្វើឱ្យរំខានដោយបណ្តាប្រទេសដទៃទៀតឡើយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )