កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិននឹងរៀបចំធ្វើសមយុទ្ឋហ្វឹកហ្វឺនលំហាត់នាគមាសឆ្នាំ 2019

វិទ្យុជាតិដោយ៖ លោកស្រី ស៊ឹង សុផារី ៖

កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិននឹងរៀបចំធ្វើសមយុទ្ឋហ្វឹកហ្វឺនលំហាត់នាគមាសឆ្នាំ 2019 ដែលមានលក្ខណៈទ្រង់ទ្រាយធំជាងឆ្នាំមុនៗលើប្រធានបទស្តីពីសមយុទ្ធរួមគ្នាប្រឆាំង ភារវកម្មនិងការងារមនុស្សធម៌ ដើម្បីធ្វើយ៉ាងណាឱ្យកងទ័ពនៃប្រទេសទាំងពីរកាន់តែជិតស្និតបន្ថែមទៀតក្នុងបេសកកម្មការងាររួមគ្នា ។


ឯកឧត្តម ឧត្តមសេនីយ៏ទោ ប៉ែន សុក្រិត្យវិទ្យា នាយករងទីចាត់ការហ្វឹកហ្វឺនអគ្គមេបញ្ជាការ ដែលជាក្រុមការងារទីបញ្ជាការលំហាត់នាគមាសឆ្នាំ2019 រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិនបានមានប្រសាសន៏ឲ្យដឹងថា សមយុទ្ឋហ្វឹកហ្វឺនលំហាត់នាគមាសឆ្នាំ 2019នេះ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី 28 ខែកុម្ភៈដល់ថ្ងៃទី 27 ខែមិនា ឆ្នាំ 2019 ដែលមានទីតាំង នៅទីលានបាញ់គ្រាប់ពិតនៃសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី របស់កងពលតូចថ្មើរជើងលេខ70 ស្ថិតក្នុងភូមិសាស្ត្រតំបន់វាលចំបក់ ប្រជុំភ្នំព្រះ នៃជួរភ្នំ ចង្អោតូច ចង្អោធំ ភូមិត្រពាំងរាំង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ។


ឯកឧត្តម បានបញ្ជាក់ថា ក្នុងលំហាត់នោះភាគីកម្ពុជាគ្រោងនឹងបញ្ជូនកម្លាំងចូលរួមក្នុងពិធីបើកនិងបិទនៃកិច្ចដំណើរការធ្វើលំហាត់សរុបចំនួន 2542 នាក់ រួមនឹងសំភារៈ យោធូបករណ៏ និងយោធបរិក្ខាយោធា រីឯភាគីកងទ័ពរំដោះប្រជាជនចិន បានគ្រោងនឹងបញ្ជូនកម្លាំងមកចូលរួមសរុបចំនួន 252នាក់ រួមនឹងគ្រឿងសព្វាវុធ យោធូបករណ៏ សំរាប់កិច្ចប្រតិបត្តិការលំហាត់ផងដែរ ។