មន្ត្រីជំនាញថា ការផ្តល់បណ្ណបើកបរជូនប្រជាពលរដ្ឋមានការកើនឡើងឬថយចុះ គឺអាស្រ័យទៅលើសមត្ថកិច្ច

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖រាជធានីភ្នំពេញ៖ មន្ត្រីជំនាញ បានអះអាងថា ការផ្តល់បណ្ណបើកបរជូនប្រជាពលរដ្ឋមានការកើនឡើងឬថយចុះ គឺអាស្រ័យទៅលើសមត្ថកិច្ច បើចំខែណាសមត្ថកិច្ចរឹតបន្តឹងច្បាប់ចរាចរណ៏ខ្លាំង ប្រជាពលរដ្ឋនាំគ្នាសម្រុកទៅធ្វើច្រើន ។


លោក ឡូវ នីកូវឌ្ឍនា ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរ និងសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ២០១៨កន្លងមក អង្គភាពរបស់លោក បានផ្តល់បណ្ណបើកបររថយន្តជូនប្រជាពលរដ្ឋ បានជិត៥៩០០ បណ្ណ ក្នុងនោះ ប្រឡងយកបណ្ណថ្មីចំនួនជាង២២.១០០បណ្ណ និងប្តូរឬពន្យាបណ្ណដែលហួសសុពលភាពមានចំនួនជិត៤ម៉ឺនបណ្ណ ។


ទាក់ទិន្នទៅនឹងការទទួលប្តូរ និងពន្យារប័ណ្ណបើកបរនៅផ្សារទំនើបAEON MALLរាជធានីភ្នំពេញ លោក ឡូវ នីកូវឌ្ឍនា បានឲ្យដឹងថា ក្រុមការងារទទួលធ្វើបានចំនួន ជាង៣០.៦០០បណ្ណ ក្នុងនោះ ប្តូរឬពន្យារបានចំនួនជិត ២៧.០០បណ្ណ ទុតិយតាឬបណ្ណដែលបាត់មានចំនួនជាង ៣.០៦០០បណ្ណ និងប្រឡងយកបណ្ណបើកបរថ្មី បានចំនួនជិត៧០០ បណ្ណផងដែរ ។

បើតាមលទ្ធភាពក្រុមការងារធ្វើបានរាប់រយក្នុងមួយថ្ងៃ ដោយហេតុថា ការធ្វើបណ្ណ័បើកបរ ដែលរៀបចំឡើងដោយ ក្រសួងសាធារណការនេះ មានលក្ខណៈទំនើប គឺបំរើសេវារហ័សទាន់ចិត្ត ប្រើរយៈពេលតែ២០នាទីប៉ុណ្ណោះសម្រាប់មនុស្សម្នាក់ នេះប្រសិនបើមានឯកសារគ្រប់គ្រាន់ ។ចំពោះការផ្តល់សេវាធ្វើជារៀងរាល់ថ្ងៃ ចាប់ពីផ្សារបើក និងបិទទៅវិញ និងទទួលសម្រាប់២៥រាជធានី ខេត្ត ឬទូទាំងប្រទេស និងទទួលប្តូរបណ្ណបើកបរសម្រាប់ជនបរទេសផងដែរ ។


លោក ឡូវ នីកូវឌ្ឍនា បានបញ្ជាក់ថា ការផ្តល់បណ្ណបើកបរជូនប្រជាពលរដ្ឋមានការកើនឡើងឬថយចុះ គឺអាស្រ័យទៅលើសមត្ថកិច្ច រឹតបន្តឹងច្បាប់ចរាចរណ៏ខ្លាំង ប្រជាពលរដ្ឋនាំគ្នាសម្រុកទៅធ្វើច្រើន ។


ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរ បានអំពាវនាវដល់ប្រជាពលរដ្ឋណាដែលមានបណ្ណបើកបរហើយ តែអស់សុពលភាព និងអ្នកដែលជ្រុះបាត់បណ្ណ សូមឲ្យរួសរាន់ទៅប្តូរឬពន្យាឲ្យបានគ្រប់ៗគ្នានៅផ្សារទំនើបAEON MALLទី១ និងទី២ ដោយមិនចាំបាច់ប្រើពេលយូឡើយ ៕