ក្រសួងពាណិជ្ជកម្ម ត្រៀមរៀបចំតាំងពិព័រណ៍ស្ដីពី“យុទ្ធនាការទិញផលិតផលខ្មែរ”

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ប៉ុង សុភាវី ៖

ក្រសួងពាណិជ្ជកម្ម បានធ្វើសេចក្ដីប្រកាសស្ដីពីការតាំងពិព័រណ៍ “យុទ្ធនាការទិញផលិតផលខ្មែរ” ក្នុងឱកាសបុណ្យទន្លេឆ្នាំ២០១៩ ដើម្បីជួយជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុកអោយមានការទទួលស្គាល់និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងប្រទេស។
ក្រសួងពាណិជ្ជកម្ម បានអោយដឹងថា ពិធីបុណ្យទន្លេឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រសួងនឹងរៀបចំតាំងពិព័រណ៍ ស្ដីពី “យុទ្ធនាការទិញផលិតផលខ្មែរ” ក្នុងគោលបំណង ទូងស្គរពញ្ញាក់ស្មារតីមហាជនទូទៅ អោយងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក អោយបានច្រើនជាអតិបរមា ដើម្បីបង្ហាញពី គុណភាព ផលិតផលខ្មែរ ហើយមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ មានការវេចខ្ចប់បានល្អត្រឹមត្រូវ អនុលោមតាមស្តង់ដារផលិតផលពីគ្រប់ទិសទី នៅទូទាំងប្រទេសមកដាក់តាំងបង្ហាញ និងស្វែងរកដៃគូយកទៅលក់បន្ត។
ក្រសួងក៏បានអោយដឹងទៀតថា អ្នកដែលមានបំណងចូលរួមតាំងបង្ហាញកសិផលខ្មែរក្នុងព្រឹត្តិការណ៍នេះ ត្រូវមកដាក់ពាក្យចូលរួម ព្រោះចំនួនស្ដង់មានកំណត់។ ចំពោះព័ត៌មានលំអិតផ្សេងៗស្ដីពីការរៀបចំពិព័រណ៍ខាងលើ សូមទំនាក់ទំនង នៅនាយកដ្ឋានកិច្ចការពិពណ៌ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម។
សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ គឺមានអត្ថប្រយោជន៍ខ្លំាង ដោយបានផ្តល់ឱកាសច្រើនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជួយទាក់ទាញភ្ញៀវទេសចរ ព្រមទាំងបានជួយផ្សព្វផ្សាយផលិតផល កសិផល និងវប្បធម៌របស់ខ្មែរទៅកាន់ទីផ្សារផងដែរ។ បន្ថែមពីនេះទៀត គឺដើម្បីបំផុសមហាជនអោយចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្ដរភាព តាមរយៈការបង្កើតព្រឹត្តិការណ៍ថ្មីៗសម្រាប់ខេត្តដែលជាប់តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា៕