រដ្ឋបាលខេត្តកំពង់ឆ្នាំងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលមហាសន្និបាតតំណាងទូទាំង ប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា

AKP កំពង់ឆ្នាំង ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ -នៅសាលាខេត្តកំពង់ឆ្នាំង ថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ នឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលមហាសន្និបាត​តំណាង ទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)និងរបាយការណ៍បូកសរុប​លទ្ធផលការ​ងាររបស់គណៈកម្មាធិការ ស.ស.យ.ក ខេត្តកំពង់ឆ្នាំង (២០១២-២០១៨)។ កិច្ចប្រជុំផ្សព្វផ្សាយនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) ឯកឧត្តម  ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ហ៊ុន ម៉ានី បាន​កោតសរសើរសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានបំពេញ​បេសកកម្មការងារច្រើនផ្នែក ច្រើនវិស័យទទួលបានលទ្ធផលល្អ ព្រមទាំងបានពង្រឹងពង្រីករចនាសម្ព័ន្ធចាត់តាំងសាខា និងសមាជិក​ភាពមានការរីកលូតលាស់គួរឱ្យកត់សម្គាល់។

ឯកឧត្តមបានបន្ដថា សហភាពសហព័ន្ធយុវជនកម្ពុជាក៏បានចូលរួមសកម្មភាពអនាម័យ បរិស្ថាន នៅទីសាធារណៈ និងឆ្នេរទន្លេ លើកកម្ពស់វិស័យកីឡាក្នុងជួរយុវជន ព្រមទាំងបន្តសកម្មភាព មនុស្សធម៌នានា ដើម្បីជួយសម្រាលទុក្ខលំបាក​របស់ប្រជា​ពលរដ្ឋជួបគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ ដូចជា គ្រោះអគ្គិភ័យ ខ្យល់ព្យុះ ទឹកជំនន់ គ្រោះថ្នាក់ចរាចរ ជួយឧបត្ថម្ភចាស់ជរា ជនពិការ កុមារកំព្រាគ្មានទីពឹង ដោយ​ឈរ​លើគោលការស្មើភាពមិនប្រកាន់និន្នាការ នយោបាយ ឬជាតិសាសន៍ឡើយ ។ ជាមួយគ្នា​នេះ បានចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ គាំទ្របើកវគ្គបំប៉នដល់សិស្សថ្នាក់ទី១២ នៅតាមវិទ្យាល័យទូទាំងខេត្តក្រុងលើមុខវិជ្ជាសំខាន់ៗ និងចូលរួមសង្កេតការណ៍ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះ​ស្នាដៃ​ដែលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កំពង់ឆ្នាំង បានចូលរួមសហការសាមគ្គី ធ្វើសកម្មភាព​តាមលក្ខន្តិកៈ គាំទ្រដល់គោលនយោ បាយសកម្មភាពមនុស្សធម៌ ជួយសម្រួលទុក្ខលំបាករបស់​ប្រជាពលរដ្ឋ ដូចជា ចាស់ជរា ក្មេងកំព្រា ជាសកម្មភាពដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយ ។

ឯកឧត្ត ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា យុវជនបានចូល រួមការងារសង្គម ការងារមនុស្សធម៌ ជួយបណ្តុះបណ្តាលធនធានមនុស្ស មានសាមគ្គីផ្ទៃក្នុង បង្កើតទំនុកចិត្ត និងបន្តពង្រីកសាខានៅតាមមូលដ្ឋាន ប្រព្រឹត្តអំពើល្អ ដើម្បីបម្រើផលប្រយោ ជន៍ជាតិ ការពារសន្តិភាព ចូលរួមគោរពច្បាប់ អនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីភូមិឃុំមាន សេចក្តីសុខក្សេមក្សាន្ត។

ឯកឧត្តមអភិបាលខេត្ដបានបន្ថែមថា យុវជនជាអនាគតប្រទេសជាតិជាទំពាំងស្នង ឫស្សី គប្បីត្រូវខិតខំរៀន​សូត្រ​នូវគំរូវីរភាពដ៏ឧត្តុង្គឧត្តម របស់យុវជនរៀមច្បងក្នុងការដឹកនាំ ប្រទេសជាតិ​ប្រកបដោយ​សុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននេះ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមទៀតថា សហភាពសហព័ន្ធយុវជនកម្ពុជា ​ខេត្តកំពង់ឆ្នាំង ត្រូវបន្តពង្រីកសកម្មភាពរបស់ខ្លួន​ ដើម្បីផ្តល់ជាវេទិកាកាន់តែសម្បូរបែប​ជូនទៅដល់យុវជនយើង​ ដែលមានចំណង់ចំណូលចិត្ត​ និងទេពកោសល្យផ្សេងៗគ្នា​ក្នុងក្តីសង្ឃឹមនិងជំរុញឱ្យពួកគេ​អាចអភិវឌ្ឍន៍ចំណេះដឹង​ និងជំនាញបានកាន់តែប្រសើរ​ ជាពិសេស​អាចធ្វើឱ្យសកម្មភាពចូលរួមក្នុងបុព្វហេតុសង្គម​កាន់តែមានអត្ថន័យ​ ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែសម្បូររុងរឿង ៕

ដោយ បៃ ស៊ីថុន