រដ្ឋមន្រ្តីក្រសួងព័ត៌មានចាត់ទុកសកម្មភាពក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីអាមេរិកបានជួយដោះស្រាយទុក្ខលំបាករបស់អ្នកជំងឺបានច្រើន

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ប៉ុង សុភាវី ៖​ រដ្ឋមន្រ្តីក្រសួងព័ត៌មានចាត់ទុកសកម្មភាពក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីអាមេរិកបានជួយដោះស្រាយទុក្ខលំបាករបស់អ្នកជំងឺបានច្រើន តាមរយះការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ។


ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ និងពិនិត្យការងាររបស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមសុខាភិបាលខ្មែរ នៅអាមេរិក នៅមន្ទីរពេទ្យ បង្អែក ស្រុក បារាយណ៍-សន្ទុក ខេត្តកំពង់ធំឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទំាងអស់នេះឲ្យបន្តសកម្មភាពរបស់ខ្លួនឲ្យកាន់តែខ្លំាងក្លាបន្ថែមទៀត ក្នុងគោលដៅ មនុស្សធម៌ជួយព្យាបាលអ្នកជំងឺដោយមិនគិតថ្លៃ ដែលបានជួយសម្រាលបន្ទុកជីវភាពអ្នកជំងឺ បានច្រើន។


ឯកឧត្តម រដ្ឋមន្រ្តីបានសម្តែងការកោតសរសើរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបានយកចិត្តទុកដាក់ទាំងកម្លាំងកាយ កម្លាំងចិត្ត ជួយប្រជាពលរដ្ឋកម្ពុជាលើផ្នែកសុខាភិបាលនេះ។


លោកវេជ្ជបណ្ឌិត សៀង សេង សមាជិកក្រុមការងារ សមាគមសុខាភិបាល ខ្មែរនៅអាមេរិកបានឲ្យដឹងថា ការចុះមកពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅកម្ពុជានេះ គឺជាសកម្មភាពមនុស្សធម៌សុទ្ធសាធដើម្បីធានាឲ្យប្រជាពលរដ្ឋមានសុខភាពល្អ និងកាត់បន្ថយការចំណាយលើថ្លៃព្យាបាលជម្ងឺ។

សូមបញ្ជាក់ថា គិតមកដល់ឆ្នាំ២០១៩នេះ ការងារសមាគមសុខាភិបាល បានចុះមកពិនិត្យ និងព្យាបាលជំងឺជូន ប្រជាពលរដ្ឋ កម្ពុជាតាមបណ្តារាជធានី-ខេត្តផ្សេងៗគ្នា មានរយៈពេល៩ឆ្នាំមកហើយ ដោយក្នុងមួយឆ្នាំៗ គឺបាន ពិនិត្យព្យាបាលជំងឺជូនប្រជាជនកម្ពុជា បានប្រមាណ ៤-៥ពាន់នាក់។ដោយឡែកបើ សរុបទាំង៩ឆ្នាំ គឺបានពិនិត្យព្យាបាលជំងឺ ជូន ប្រជាជន កម្ពុជា បាន សរុប ប្រមាណជាង ៤ ម៉ឺននាក់៕