កូរ៉េខាងត្បូងមានសុទិដ្ឋិនិយមចំពោះកិច្ចប្រជុំកំពូល រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងនៅទីក្រុងហាណូយ

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩​ — យោងតាមប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានឱ្យដឹងថា កិច្ចប្រជុំកំពូលលើកទី២ រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកដែលនឹងធ្វើនៅទីក្រុងហាណូយរបស់ប្រទេសវៀតណាមនឹងក្លាយទៅជាចំណុចផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរពេញលេញនៅឧបទ្វីបកូរ៉េ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយលេខាធិការជាន់ខ្ពស់ របស់លោកកាលពីថ្ងៃទី១១ ខែកុម្ភៈប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បាននិយាយថា ព្រឹត្តិការណ៍នាពេលខាងមុខនេះនឹងបង្កើតឱ្យមានឱកាសសម្រាប់ធ្វើឱ្យទំនាក់ទំនងនៃប្រទេសកូរ៉េទាំងពីរមានភាពប្រសើរឡើង។

លោកបាននិយាយថា កិច្ចប្រជុំកំពូលលើកទី២ នេះនឹងក្លាយជាចំណុចរបត់ដ៏សំខាន់មួយ ដែលរួមចំណែកដល់ការលើកកម្ពស់គោលការណ៍ដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីរ រួមមានទាំងការរំសាយអាវុធនុយក្លេអ៊ែរពេញលេញនៅក្នុងឧបទ្វីបកូរ៉េ ទំនាក់ទំនងថ្មីរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ព្រមទាំងរបបសន្តិភាពនៅលើឧបទ្វីបផងដែរ។

លោកប្រធានាធិបតីបានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំកំពូលលើកទី២ នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដើម្បីបញ្ចប់ការប្រឈមមុខគ្នារវាងភាគីទាំងពីរ និងនាំមកនូវសន្តិភាពនៅក្នុងឧបទ្វីប។

លោកបាននិយាយបន្ថែមថា អនាគតនៃទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរ គឺពឹងផ្អែកទៅលើសន្តិភាព និងស្ថិរភាព។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបគ្នាម្តងទៀតនៅទីក្រុងហាណូយចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ខាងមុខនេះ បន្ទាប់ពីកិច្ចប្រជុំលើកដំបូងរបស់ពួកគេនៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំមុន។

កាលពីនៅថ្ងៃទី៦ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បាននិយាយថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួម និងសហការយ៉ាងសកម្មជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យបានជោគជ័យសម្រាប់កិច្ចប្រជុំកំពូលលើកទី២ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)