អាជ្ញាធរខេត្តកំពង់ធំ ឲ្យប្រជាពលរដ្ឋនៅជនបទ ងាកមកបរិភោគទឹកស្អាតវិញ

វិទ្យុជាតិកម្ពុជា ៖លោក ហោ សេងគ្រី៖


អាជ្ញាធរខេត្តកំពង់ធំ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលធ្លាប់ប្រើប្រាស់ទឹក ស្ទឹង ត្រពាំង ឬអណ្តូងដៃ ងាកមកបរិភោគទឹកស្អាតវិញ ដើម្បីជួយលើកកម្ពស់សុខភាព និងលើកស្ទួយអនាម័យនៅជនបទ។


ឯកឧត្តម សុខលូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថាការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយ៍ទឹកស្អាតក្រោមការគាំទ្រថវិកាពីអង្គការUSAID តាមរយៈអង្គការ worldfishអង្គការ អូវីទឹកស្អាត១០០១ ស្ថិតនៅ ភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនាពេលនេះ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយអនាម័យជនបទ ជាពិសេសគឺការជួយឲ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ទីជនបទ ឲ្យមានសុខភាពល្អតាមរយៈ ការហូបទឹកស្អាត ផឹកស្អាត រស់នៅស្អាត។

ដូច្នេះការផឹកស្អាតនេះ សំដៅលើការបរិភោគទឹក ដែលគ្មានមេរោគ ក្នុងនោះក្រៅពីទឹកដាំពុះ គឺបងប្អូនប្រជាពលរដ្ឋ អាចហូបទឹកចម្រោះ ដែលចេញពីស្ថាននីយ៍ចម្រោះទឹកស្អាតនេះបាន ព្រោះទឹកនេះបានឆ្លងកាត់តាមប្រព័ន្ធចម្រោះ ជាច្រើនដំណាក់កាល ស្របតាមលក្ខណៈបច្ចេកទេសស្តង់ដារមួយយ៉ាងពិតប្រាកដ។ ឯកឧត្តមបញ្ជាក់ថា ការបង្កើតស្ថានីយ៍ទឹកស្អាតនៅតាមទីជនបទគឺចូលរួមបង្កើនអនាម័យជនបទឲ្យកាន់តែប្រសើរឡើង ដែលរាជរដ្ឋាភិបាលកំពុងមានការយកចិត្តទុកដាក់ចាប់ដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាល ក្នុងគោលដៅជួយបង្កើននូវសុខភាពជូនប្រជាពលរដ្ឋនៅតាមទីជនបទ ។


លោក ភឿង ប៊ុន ប្រធានប្រតិបត្តិអង្គការទឹកស្អាត១០០១ និងប្រតិបត្តិករក្នុងសហគមន៍ទឹកស្អាតឃុំជ័យ បានលើកឡើងថា ស្ថានីយ៍ចម្រោះទឹកស្អាត ដែលអង្គការ១០០១ ផ្តល់ជូនរហូតមកដល់ពេលនេះមានចំនួន២៥៨ស្ថានីយ៍ ហើយក្នុងខេត្តកំពង់ធំមានចំនួន៣ កន្លែង ដែលស្ថានីយ៍ទាំងអស់នេះ បានចម្រោះទឹកបានស្អាតល្អ រហូតដល់១មីក្រុង និងអាចរក្សានូវសារធាតុរ៉ែមួយចំនួនដែលជួយដល់សុខភាព។ លោកបន្តថា ស្ថានីយ៍ទឹកស្អាតរបស់លោកក្នុង១ថ្ងៃព្រឹកបាន១៥០ ប៊ីដុង ប្រសិនបើប្រជាពលរដ្ឋទិញថ្មី គឺ១២០០០រៀល ប្រសិនបើគាត់មានប៊ីដុងដូរតម្លៃតែ១៥០០រដោយ ដឹកជញ្ជូនដល់ផ្ទះ តែប្រសិនបើគាត់នៅជិត មកដូរខ្លួនឯងគឺតម្លៃ ១២០០រ តែប៉ុណ្ណោះ ។
លោក ស៊ុន វឌ្ឍនៈ ប្រធានសម្របសម្រួលគម្រោងរបស់អង្គការ (World Fish) បានលើកឡើងថា អង្គការ(World Fish) មានអង្គការដៃគូចំនួនពីរទៀត គឺអង្គការត្រួសត្រាយកម្ពុជា និងអង្គការទឹក ស្អាត១០០១ ក្នុងការអនុវត្តន៍លើការផលិតស្ថានីយចម្រោះទឹកស្អាត។ ក្រៅពីនេះអង្គការ(World Fish) បានរួមចំណែកជារាជរដ្ឋាភិបាលក្នុងការរក្សានូវធនធានធម្មជាតិនៅតាមវាលស្រែផ្តោតសំខាន់លើការថែរក្សាពូជត្រី តាមរយៈការជីកស្រះ និងស្តារស្រះ ត្រពាំង រួមនិងបង្កើតសួនបន្លែ ជាលក្ខណៈគ្រួសារផងដែរ៕