ឯកឧត្តម ឃួង ស្រេង អំពាវនាវឲ្យកម្មករកម្មការនីកុំយកថ្ងៃ១៤កុម្ភៈទៅប្រព្រឹត្តនូវអ្វីដែលខុសឆ្គងប្រាសចាកពីប្រពៃណីរបស់ខ្មែរ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖ 
រាជធានីភ្នំពេញ៖ ខណៈដែលទិវានៃក្តីស្រឡាញ់ខិតជិតមកដល់គឺថ្ងៃទី១៤កុម្ភៈខាងមុខនេះ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល,អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានគណៈចលនាសហជីពរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់យុវវ័យ ជាពិសេសបងប្អូនកម្មករ.កម្មការនីតាមរោងចក្រសុំកុំយកថ្ងៃ១៤កុម្ភៈទៅប្រព្រឹត្តិរឿងស្នេហាប្រាសចាកប្រពៃណីវប្បធម៌ខ្មែរ។


ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាសាខាបក្សសហជីពមូលដ្ឋានតាមរោងចក្រក្នុងខណ្ឌ សែនសុខ នាព្រឹកថ្ងៃទី១០កុម្ភៈ នេះ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៏ ថ្លែងថា បងប្អូនកម្មករ.កម្មការនីយើងមានឪពុកម្នាក់ប្រកបដោយព្រហ្មវិហារធម៌ គឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលសម្តេចតែងតែបានគិតគូសុខទុក្ខ និងបំពេញតម្រូវការជូន បងប្អូនកម្មករ.កម្មការនីយើងគ្រប់ពេលវេលាតាមរយះកញ្ចប់អត្ថប្រយោជន៏ទាំង ៩ចំណុចធ្វើឲ្យកម្មករ.កម្មការនីយើងទទួលបានផលប្រយោជន៏រួមទាំងប្រាក់បៀវត្សបានសមរម្យទៀតផង។ឯកឧត្តម បន្តថា បងប្អូនកម្មករ.កម្មការនីបើ មានបញ្ហាបន្ទាន់ណាមួយសុំទៅរកស្នាក់ការគណបក្សប្រជាជនកម្ពុជាដែលនៅ ជិតបំផុត គឺមន្ត្រីគណបក្សរងចាំទទួលដោះស្រាយតាមជាក់ស្ដែងជូនភ្លាម។


ឯកឧត្តម បន្តថា រឿងស្នេហាស្រី.ប្រុសជារឿងធម្មជាតិរបស់សត្វលោក តែយើងមិនត្រូវភ្លេចកិត្តិយស និងប្រពៃណីជាតិនោះទេ ។ថ្ងៃនៃក្តីស្រឡាញ់ មិនមែនសំដៅតែទៅលើរឿងស្នេហាស្រី.ប្រុសនោះទេ គឺគេអាចធ្វើចំពោះឪពុកម្តាយ,លោកគ្រូអ្នកគ្រូ,ជីដូនជីតា,មិត្តភក្រ័ជាដើមគ្រប់៣៦៥ថ្ងៃ ដូចនេះ សូមអំពាវនាវដល់បងប្អូនកម្មការ.កម្មការនីយើងសុំកុំជឿទៅតាមការញ៉ុះញ៉ុងពីក្រុមជនអគតិក្នុងចេតនាបំភណ្ឌ័ បំភ្លៃការពិតឬការធ្វើកូដកម្ម,បាតុ កម្មបំបែកឆ្នាំងបាយខ្លួនឯងនោះ។
ក្នុងពេលនោះ ឯកឧត្តម ឃួង ស្រេង បាននាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតទៅផ្តល់ជូនបងប្អូនកម្មករ.កម្មការនីចំនួន១១៣៤នាក់ ក្នុងម្នាក់ទទួលបានថវិកា២ម៉ឺនរៀលផងដែរ។
ជាចុងក្រោយ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំ ឲ្យមន្ត្រីអាជ្ញាធរភូមិ.សង្កាត់,ខណ្ឌត្រូវចុះទៅដល់កន្លែងស្នាក់នៅរបស់កម្មករ.កម្មការនី មើលពីតម្រូវការជាក់ស្តែងទឹក,ភ្លើង,សំរាមជាដើម ។
សូមបញ្ជាក់ថា លោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានឲ្យដឹងថា ក្នុងខណ្ឌសែនសុខមានរោងចក្រចំនូន ៤៨រោងចក្រ,និងសហគ្រាសចំនួន១៩,មានកម្មករ.កម្មការនីសរុបចំនួន២៩.២៦២ នាក់និងកម្មករស្នាក់នៅផ្ទះជួលចំនួន៣៤.៣២៤នាក់។