ប្រជាកសិករនៅខេត្តព្រះវិហារកំពុងមមាញឹកប្រមូលផលដំឡូងមីដែលកំពុងមានទីផ្សារ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ វ៉ែន សុវុទ្ឋី ៖ប្រជាកសិករនៅខេត្តព្រះវិហារកំពុងមមាញឹកខ្លំាងក្នុងការប្រមូលផលដំឡូងមីដែលកំពុងមានតម្លៃទីផ្សារល្អ ដែលធ្វើឲ្យប្រជាកសិករសប្បាយរីករាយជាមួយនឹងភោគផលដំណាំរបស់ខ្លួន។

លោក ស្រ៊ុន បូរិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ឈ្មួញបានចុះទិញដំឡូងមីរបស់ប្រជាកសិករដល់ទីកន្លែងក្នុងតំលៃដំឡូងមីស្រល់ចាប់ពី ៣៥០ ទៅ៤០០ រៀលក្នុងមួយគីឡូក្រាម និងដំឡូងមីស្ងួត តំលៃចាប់ពី ៧៥០ទៅ៨០០រៀលក្នុងមួយគីឡូក្រាម។ លោកអនុប្រធានមន្ទីរបានបញ្ជាក់ថា ដោយសារឆ្នាំនេះប្រជាកសិករដាំឡូងទទួលបានទិន្នផលល្អជាងឆ្នាំមុនៗ រួមទំាងតម្លៃបានថ្លៃទៀតនោះ បានធ្វើឲ្យកសិករ ចំណេញច្រើន។


(សំឡេង)បើគិតតាមតំលៃនិងប្រជាកសិករគាត់មានសង្ឃឹមជាងមុនមានជីវភាពប្រសើរជាងមុនចំពោះតំលៃល្អនេះយើងអាចបញ្ជាក់ថាកសិករយើងបានចំណូលច្រើនពីការប្រកបការងារកសិកម្មរបស់គាត់បើប្រៀបធៀបឆ្នាំមុនៗសម្រាប់កសិករគាត់ពេញចិត្តនិងតំលៃនិងព្រោះតំលៃនិងវានៅថេរតាំងពីដើមរដូវមកហើយវាមិនចុះខ្លាំងតែវានៅឡើងតិចៗចឹងរហូត។
លោកអនុប្រធានមន្ទីរបានបន្ថែមទៀតថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានជំរុញយ៉ាងខ្លាំង ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តក៏ដូចជាថ្នាក់ដឹកនាំក្រសួងផងដែរ ដើម្បីលើកទឹកចិត្តដល់ប្រជាកសិករដែលប្រករបរកសិកម្មឲ្យមានការយល់ដឹងខ្ពស់ពីរសារ:ប្រយោជន៏នៃការដាំដំណាំពីមួយរដូវទៅមួយរដូវ។
លោកថា ដំណាំដំឡូងមីគឺមានភាពងាយ ស្រួលក្នុងការមើលថែជាងដំណាំផ្សេងៗ ហើយឆាប់បានទទួលផលនឹងមានតម្លៃខ្ពស់សមរម្យ ដោយជាធម្មតាដំណាំដំឡូងមី ក្នុងមួយរដូវៗ ប្រជាកសិករអាចប្រមូលបានទិន្នផលចាប់ពី៨តោនទៅ១០តោនក្នុង១ហិចតា ។
សូមបញ្ជាក់ថា នៅទូទាំងខេត្តព្រះវិហារប្រជាកសិករបានប្រមូលផលដំឡូងមីបានជាង៨០ភាគរយហើយ ក្នុងចំណោមផ្ទៃដីដាំដំដុះសរុបជាង ២០.០០០ហិចតា ៕