ក្រសួងរៀបចំដែនដីណែនាំឲ្យរដ្ឋបាលខេត្តព្រះសីហនុ រៀបចំកែលម្អផ្លូវថ្មើរជើងឲ្យមានសោភ័ណភាព

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ឹម ភិរក្សនារីរតនៈ ៖

ក្រសួងរៀបចំដែនដីណែនាំឲ្យរដ្ឋបាលខេត្តព្រះសីហនុ រៀបចំកែលម្អផ្លូវថ្មើរជើងឲ្យមានសោភ័ណភាព និងងាយស្រួលដល់ការធ្វើដំណើរថ្មើរជើងប្រកបដោយសុវត្ថិភាព។

យោងតាមសេចក្តីជូនដំណឹងរបស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់រដ្ឋបាលខេត្តព្រះសីហនុ ត្រូវតម្រូវឲ្យម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន អគារការិយាល័យ អគារស្នាក់ និងម្ចាស់កម្មសិទ្ធិដីឡូត៍ នៅមុខទីតំាងរបស់ខ្លួន ត្រូវរៀបចំក្រាលថ្មក្រានីត ដែលមាននីវ៉ូគោល ស្មើគ្នាតែមួយ ដើម្បីធានាសោភ័ណភាពសាធារណៈ និងការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព សុខុមាលភាព និងភាពងាយស្រួលដល់សាធារណជន និងជនពិការ ។

សេចក្តីជូនដំណឹងបានតម្រូវឲ្យ អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ចូលរួមសហការជាមួយម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន អគារការិយាល័យ អគារស្នាក់នៅ និងម្ចាស់កម្មសិទ្ធិដីឡូត៍ ឲ្យអនុវត្តទៅបានជោគជ័យ។

ប្រភពដដែលបានអះអាងថា ការតម្រូវឲ្យមានក្រាលថ្មក្រាលនីតនៅលើចឹញ្ចើមផ្លូវនេះ ដើម្បីអនុវត្តទៅនឹងការយកចិត្តទុកដាក់ខ្ពស់អំពីការធ្វើសមាហរណកម្ម និងការតភ្ជាប់ពីផ្លូវមួយទៅផ្លូវមួយស្របតាមបទដ្ឋានបច្ចេកទេសហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ និងទីតំាងភូមិសាស្រ្ត ដែលធានាដល់រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ សោភ័ណភាព បរិស្ថានល្អ និងសុខដុមរមនាជាមួយអ្នកជិតខាងនិងសាធារណៈជន៕