ក្រសួងអប់រំ បានចេញវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវាបុណ្យនៃក្តីស្រឡាញ់នៅតាមគ្រឹស្ថានសិក្សា

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ប៉ុង សុភាវី ៖

 ក្រសួងអប់រំ យុវជន និងកីឡា បានចេញវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីនានាក្នុងទិវាបុណ្យនៃក្តីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីកុំឱ្យ យុវជន និងសិស្សានុសិស្សមួយចំនួនប្រព្រឹត្តខុសផ្ទុយនឹងប្រពៃណីជាតិ។
ក្រសួងអប់រំ នៅតែបញ្ជាក់សារជាថ្មីថា ថ្ងៃទី១៤ ខែកុម្ភៈ ដែលជាទិវាបុណ្យនៃក្តីស្រឡាញ់ (Valentine’s Day) ពុំមែនជាពិធីបុណ្យប្រពៃណីរបស់ជនជាតិខ្មែរឡើយ ដូច្នេះមិនត្រូវប្រព្រឹត្តសកម្មភាពមិនប្រក្រតីនានានៅតាមសាលារៀនឬទីសាធារណៈដែលនាំឲ្យបាត់បង់តម្លៃខ្លួនឯង និងសង្គមជាតិ។
ការក្រើនរំលឹកសារជាថ្មីរបស់ក្រសួងអប់រំនាពេលនេះ បានធ្វើឡើងខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវាបុណ្យនៃក្តីស្រឡាញ់កាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើឱ្យយុវវ័យមួយចំនួន ភ្លេចការសិក្សាបាត់បង់សេចក្តីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណ៌ជាតិដ៏ផូរផង់របស់ខ្មែរទៀតផង។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរំ បានណែនាំដល់នាយកសាលាទំាងអស់ឲ្យពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នឹងមានវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវាបុណ្យនៃក្តីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន តាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឱ្យមានការយល់ខុស អំពីអត្ថន័យនៃទិវាបុណ្យនៃក្តីស្រឡាញ់ ពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង ឱ្យបានម៉ឹងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ និងវិន័យ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ ជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត» និងត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អាណាព្យាបាលសិស្ស សហគមន៍ដើម្បីផ្តល់ព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ។
គួររំលឹកថា កាលពីពេលកន្លងទៅនេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទំាងអស់ជាពិសេសយុវវ័យ កុំយល់ថាថ្ងៃ១៤កុម្ភៈ ជាថ្ងៃបុណ្យសង្សារ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានទូន្មានដល់យុវត្តីខ្មែរ កុំយកថ្ងៃ១៤កុម្ភៈ ដើម្បីប្រគល់ខ្លួនប្រាណឱ្យបុរសណាទាំងអស់ ព្រោះវាពុំមែនជារឿងត្រឹមត្រូវនោះទេ៕