រោងចក្ររាប់រយត្រូវបានបិទដោយសារបញ្ហាខ្យល់ពុលក្នុងទីក្រុងបាងកក

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩​ — ប្រទេសថៃបានសម្រេចបិទរោងចក្រជាង ៦០០​នៅជុំវិញក្រុងបាងកក ជាបណ្តោះអាសន្ន ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពុល។ នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha បានធ្វើសេចក្តីប្រកាសនេះនៅពេលកំពុងនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាលមួយកាលពីថ្ងៃទី ៥ ខែកុម្ភៈ។

ថ្មីៗនេះ រដ្ឋាភិបាលថៃបានអនុវត្តន៍នូវវិធានការមួយចំនួនដើម្បីទប់ទល់នឹងការបំពុលបរិយាកាសធ្ងន់ធ្ងរនៅទីក្រុងបាងកក ដែលបានបង្កឱ្យមានការព្រួយបារម្ភជាសាធារណៈ និងមានការព្រមានអំពីបញ្ហាសុខភាព។ ការបំពុលនេះបង្កឡើងដោយការបំភាយឧស្ម័នផ្សែងចេញពីរោងចក្រឧស្សាហកម្ម ការសាងសង់អាគារធំៗ និងការដុតស្រែចំការរបស់ក្រុមកសិករ។

នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha បាននិយាយថា ភាគល្អិតនៃធូលីភាគច្រើនត្រូវបានបង្កឡើងដោយយានយន្ត ដូច្នេះរថយន្តដែលមិនមានលក្ខណៈគ្រប់គ្រាន់ត្រូវតែយកចេញ។ លោកក៏បានអំពាវនាវដល់សាធារណជនឱ្យគាំទ្រវិធានការរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយការបំពុលបរិយាកាស។

ការបំពុលខ្យល់បានបង្ខំឱ្យរដ្ឋាភិបាលបិទសាលារៀនជាង ៤០០ នៅទីក្រុងបាងកក។ រដ្ឋបាលទីក្រុងបានអនុវត្តន៍វិធានការជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុល ដូចជាការបាញ់ទឹកទម្លាក់តាមផ្លូវបំបែកសារធាតុគីមីទៅក្នុងខ្យល់ដើម្បីជួយដល់ការកកើតជាពពកបង្កើតភ្លៀងសិប្បនិម្មិត ព្រមទាំងប្រើយន្តហោះគ្មានមនុស្សបើកដើម្បីបាញ់ទឹកពីលើអាកាសផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)