ក្រសួងអប់រំ ចេញសេចក្ដីណែនាំ និងចាត់វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុង​ទិវាបុណ្យនៃក្ដី​ស្រឡាញ់

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ -ដើម្បីពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះស្ថានសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញវិធានការណែ និងទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវាបុណ្យ នៃក្តីស្រឡាញ់ (Valentine’s Day) នាថ្ងៃទី១៤ កុម្ភៈខាងមុខ នៅតាមគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន។

ក្នុងសេចក្តីណែនាំស្ដីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវាបុណ្យនៃក្ដីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និង​កីឡា បានលើកឡើងថា បន្ទាប់ក្រសួង បានសង្កេតឃើញថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ ខែកុម្ភៈ ដែលជាទិវាបុណ្យនៃក្តីស្រឡាញ់ ជាឱកាសមួយធ្វើឱ្យ​សិស្សានុសិស្សមួយចំនួន​យល់​ច្រឡំថា បុណ្យនេះជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ឯកឧត្តមបាន​បញ្ជាក់ថា ទិវាបុណ្យនៃក្តីស្រឡាញ់នេះ ពុំមែនជាពិធីបុណ្យប្រពៃណីរបស់ជនជាតិខ្មែរនោះទេ ហើយនៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវាបុណ្យនៃក្តីស្រឡាញ់កាន់តែមានឥទ្ធិពលធំ ឡើងៗ ធ្វើឱ្យយុវវ័យ ភ្លេចការសិក្សាបាត់បង់សេចក្តីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារ ប្រាស ចាកវប្បធម៌ និងប្រពៃណីជាតិ ដ៏ផូរផង់របស់ខ្មែរផងដែរ។

ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ដថា ដើម្បីពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះ​ស្ថាន​សាធារណៈ ក្រសួងអប់រំ បានដាក់ចេញនៅ៤ចំណុច រួមមាន ៖ ទី១. ត្រូវផ្សព្វផ្សាយដល់ សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឱ្យ មានការយល់ខុស អំពីអត្ថន័យនៃទិវាបុណ្យនៃក្តីស្រឡាញ់។ ទី២. ត្រូវពង្រឹងការអនុវត្ត​បទ បញ្ជា​ផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សាសាធារណៈឱ្យបានម៉ឺងម៉ាត់ ជាពិសេសលើការ​គ្រប់គ្រង​សីលធម៌ និងវិន័យ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។ ទី៣. ត្រូវជំរុញ​ដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តន៍សកម្មភាព “មិត្តអប់រំមិត្ត”។ ទី៤. ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្ត ដោយសិស្សានុសិស្ស ដើម្បីសហការគ្នាអប់រំណែនាំកែលម្ផសិស្សានុសិស្ស បានទាន់​ពេល​វេលា៕

ដោយ ប៊ុនរិទ្ធ