កម្ពុជា ឥណ្ឌូណេស៊ី នឹងបើកជើងហោះហើរត្រង់ឡើងវិញ​ដើម្បីអបអរសាទរខួប៦០ឆ្នាំ រវាងប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០១៩ — កម្ពុជា និងឥណ្ឌូណេស៊ី បានប្រកាសថា នឹងបើកជើងហោះហើរត្រង់ឡើងវិញ​ក្នុងឆ្នាំ២០១៩​នេះ ដើម្បីជំរុញកំណើនភ្ញៀវទេសចរឥណ្ឌូណេស៊ីឱ្យមកទស្សនានៅកម្ពុជាឱ្យកាន់តែច្រើន បន្ថែមទៀត បន្ទាប់ពីប្រទេសទាំងពីរបានផ្អាកប្រតិបត្តិការជើងហោះហើរត្រង់ជិតកន្លះ សតវត្សរ៍​ កន្លងមក។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចពិភាក្សាការងាររវាង ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី​ប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍​បានមានប្រសាសន៍ថា កម្ពុជា និងឥណ្ឌូណេស៊ី ត្រៀមនឹងបើកជើងហោះហើរត្រង់រួមគ្នាឡើងវិញ ដើម្បីបង្កភាពងាយស្រួលដល់ការ​ធ្វើដំណើរ របស់ភ្ញៀវទេសចរនៃប្រទេសទាំងពីរ ក្នុងន័យជំរុញកំណើនភ្ញៀវទេសចរឱ្យកើនឡើងទ្វេដង ស្របពេលដែលឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសឥណ្ឌូណេស៊ីកើនឡើង ប្រមាណ ១១ភាគរយ។ ឯកឧត្តមបានបញ្ជាក់ថា ក្រោយការបើកជើងហោះហើរនេះ កម្ពុជារំពឹងថា នឹង​អាចស្រូបបាននូវភ្ញៀវទេសចរពីឥណ្ឌូណេស៊ី កើនឡើងច្រើន ខណៈបច្ចុប្បន្នមានភ្ញៀវ ទេស​ចរ​ឥណ្ឌូណេស៊ីត្រឹមតែជាង៥០.០០០នាក់តែប៉ុណ្ណោះ ក្នុងមួយឆ្នាំ នៃភ្ញៀវ ទេសចរសរុប ដែល​កម្ពុជាទទួលបានជាង៦.២លាននាក់។

ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង បានឱ្យដឹងថា កម្ពុជា និងឥណ្ឌូណេស៊ី ចាំបាច់ត្រូវពង្រឹងកិច្ចសហការលើគ្រប់វិស័យ ក្នុងនោះ វិស័យទេស​ចរណ៍ បានចូលរួមយ៉ាងសំខាន់ ក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចកើនឡើង។ ដូច្នេះ ការបើកឱ្យមានការហោះហើរត្រង់ឡើងវិញរវាងប្រទេសទាំងពីរគឺជារឿងចាំបាច់ សម្រាប់​ការ​ផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថា កម្ពុជា ឥណ្ឌូណេស៊ី អាចនឹងធ្វើការសម្រេចឱ្យមានជើងហោះហើរត្រង់ មុនខួបលើកទី៦០ នៃការតភ្ជាប់ទំនាក់​ទំនងការទូតជាមួយគ្នាក្នុងឆ្នាំ២០១៩នេះ ដើម្បីធ្វើជាចំណងដៃ នៃការប្រារព្ធខួបនេះឡើង។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើក​ឡើងថា ប្រសិនបើកម្ពុជាបើកការហោះហើរត្រង់ជាមួយឥណ្ឌូណេស៊ី អាចកើតមានក្នុងពេល ឆាប់ៗនេះ កម្ពុជា នឹងអាចទទួលបាននូវផលប្រយោជន៍ជាច្រើន ពិសេសការងារពាក់ព័ន្ធនឹង វិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច ព្រោះថាឥណ្ឌូណេស៊ី ជាប្រទេសមួយ មានប្រជាជន​ច្រើន និងមានទម្លាប់ចេញដើរកម្សាន្តនៅប្រទេសជិតខាង។ លោកជំទាវបានបន្ថែមថា ប៉ុន្តែ​ដោយសារមិនមានជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ ទើបកន្លងមក កម្ពុជា មិនសូវ​ទទួលបានភ្ញៀវទេសចរ ពីឥណ្ឌូណេស៊ីច្រើននោះទេ ។គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ពីស្ថានទូត ឥណ្ឌូណេស៊ី ប្រចាំកម្ពុជា បាន​បង្ហាញថា ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកម្ពុជា និងឥណ្ឌូណេស៊ី បានកើនឡើងដល់ ជាង៣១៨លានដុល្លារ នៅរយៈពេល៧ខែដំបូងកាលពីឆ្នាំ២០១៨ ដោយបានកើនឡើង ៨.៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ ៕

ដោយ ម៉ៅ ចរិយា