ប្រតិភូអ្នកសារព័ត៌មានចិន គ្រោងពង្រីកកិច្ចសហការផ្សាយព័ត៌មាន ដើម្បីការយល់ពីគ្នាកាន់តែស៊ីជម្រៅរវាងចិន និងកម្ពុជា

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រតិភូអ្នកសារព័ត៌មានចិនមួយក្រុម ដឹកនាំដោយលោកស្រី យាន វួយ (Yan Wei) ប្រធានទីភ្នាក់ងារព័ត៌មានក្នុង និងក្រៅប្រទេស(ចិន) បានជួបពិភាក្សា និងដកពិសោធន៍ការងារ ជាមួយឯកឧត្តម តូច សារ៉េត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកគ្រប់គ្រងវិទ្យុជាតិFM 96MHz និងវិទ្យុFMជាតិរាជធានី ខេត្តទូទាំងប្រទេស នៅស្ថានីយវិទ្យុជាតិ FM 96MHz ។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម តូច សារ៉េត បានធ្វើបទបង្ហាញខ្លីៗ អំពីការផ្សាយរបស់វិទ្យុជាតិFM96 គឺផ្តោតលើ <<យុវវជន និងទេសចរណ៍>> ដែលមានកម្មវិធីសំបូរបែប ទាំងកម្មវិធីកំសាន្ត អប់រំ  ទេសចរណ៍ សាសនា និងព័ត៌មាន ទាំងជាភាសាចិន អង់គ្លេស និងវៀតណាម។ ទាំងនេះជាការរួមចំនែកផ្សព្វផ្សាយ ពីគោលនយោបាយ និងការអភិវឌ្ឍន៍ សមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋខ្មែរ ជនបរទេស ដែលកំពុងមានវត្តមានក្នុងប្រទេសកម្ពុជា ជាពិសេសវិនិយោគិនចិន ដែលមានកំពុងមានសន្ទុះយ៉ាងខ្លាំង។

ទាក់ទងនិងចំណុចនេះ លោកស្រី យាន វួយ ក៏មានការចាប់អារម្មណ៍ដែរថា ដោយឆ្នាំនេះ គឺជាខួបទី៦០ នៃចំណងការទូត និងជា<<ឆ្នាំទេសចរណ៍ និងវប្បធម៌ចិន-កម្ពុជា >>  រួមនិងការអនុវត្តន៍គោលនយោបាយ<<ផ្លូវមួយ ខ្សែក្រវាត់មួយ>>របស់ចិន គឺធ្វើអោយទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំ។ដូចនេះលោកស្រី ចង់អោយមានសហការក្នុងការផ្សព្វផ្សាយទៅវិញទៅមកអំពីចិន និងកម្ពុជា  រវាងស្ថាបន័ទាំងពីរ ដើម្បីរួមចំនែករក្សា និងពង្រីកទំនាក់ទំនង តាមរយៈការធ្វើអោយប្រជាពលរដ្ឋប្រទេសទាំងពីរ បានយល់ពីគ្នា កាន់តែស៊ីជម្រៅ ទាំងសភាពការពិតនាពេលបច្ចុប្បន្ន ប្រពៃណី និងទំនៀមទម្លាប់ជាដើម។ បន្ថែមពីលើនេះ លោកស្រីក៏ចង់អោយរាល់ឱកាសពិសេសផ្សេងៗ ដូចជាចូលឆ្នាំចិន មាននូវការផ្សាយអំពី ការបង្ហាញចំណាប់អារម្មណ៍ អំពីស្ថានភាពអំណោយផលផ្សេងៗ និងបរិយាកាសវិនិយោគល្អនៅកម្ពុជា ព្រមទាំងការជូនពររបស់តំណាងវិនិយោគិនចិនធំៗ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ។

ឯកឧត្តម តូច សារ៉េត ប្រតិភូរាជរដ្ឋាភិបាល​ បានស្វាគមន៍  និងសន្យាបន្តកិច្ចពិភាក្សាលើផ្នែកផ្សេងៗបន្ថែមទៀត​ ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការស្ថាបន័ទាំងពីរ អាចសម្រេចបានពេញលេញក្នុងពេលដ៏ឆាប់ខាងមុខ។

សូមបញ្ជាក់ថា លោកស្រី យាន វួយ អញ្ជើញមកកម្ពុជា ដើម្បីចូលរួមជាអធិបតី ក្នុងពីធីតែងតាំងនាយកប្រតិបត្តិក្នុង និងក្រៅប្រទេស(ចិន) នៃសារព័ត៌មាន ចុងវៃ (Zhong Wai) ប្រចាំកម្ពុជា និងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការវិស័យព័ត៌មានចិន-កម្ពុជា តាមរយៈវិទ្យុជាតិFM 96MHz។

 

សុទ្ធារិទ្ធ,FM96MHz