​រដ្ឋមន្រ្តីការបរទេសអាមេរិកព្យាយាមធានាចំពោះសម្ព័ន្ធមិត្តថាអាមេរិកនឹងប្រយុទ្ធប្រឆំាងក្រុមអាយស៊ីសបន្តទៀត​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (០៧.០២.១៩)

អាមេរិក៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ែក ប៉ុមប៉េអូ នៅថ្ងៃពុធនេះបានព្យាយាមធានាដល់ប្រទេសជាសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូផ្សេងទៀត ថាអាមេរិកនឹងបន្តប្រយុទ្ធប្រឆំាងនឹងរដ្ឋឥស្លាម ឬក្រុមអាយស៊ីស ទៀត បន្ទាប់ពីប្រធានាធិបតី លោកដូណល់ត្រំាបាននិយាយនៅថ្ងៃអង្គារថា ទឹកដីស្ទើរតែទាំងអស់ក្នុងប្រទេសស៊ីរីត្រូវបានដណ្តើមយកពីក្រុមអាយស៊ីសមកវិញហើយ។​

ថ្លែងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃបណ្តាប្រទេសក្នុងក្រុមចំរុះប្រឆំាងនឹងក្រុមអាយស៊ីសដែលរៀបចំនៅក្នុងក្រសួងការបរទេស​ លោករដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយទៅកាន់រដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់មកពី ៧៩ ប្រទេស​ថាការដកទ័ពអាមេរិកចេញពីប្រទេសស៊ីរីមិនមែនជាការបញ្ចប់នៃការប្រយុទ្ធរបស់អាមេរិកប្រឆំាងនឹងក្រុមអាយស៊ីសនោះទេ ។

លោករដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានអំពាវនាវសុំឲ្យប្រទេសនានាទទួលយកអ្នកទោសដែលជាយុទ្ធជនមានសញ្ជាតិបរទេសរបស់ក្រុមអាយស៊ីសទៅកាត់ទោសក្នុងប្រទេសជាទឹកដីកំណើតរបស់យុទ្ធជនទំាងនោះ​វិញនិងសុំឲ្យបន្តការប្រយុទ្ធប្រឆំាងនឹងក្រុមអាយស៊ីសជាបន្តទៀត ដើម្បីធានាថាក្រុមនោះត្រូវបានកម្ទេចបានទំាងស្រុង ។​