កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា ថៃនាពេលខាងមុខ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានអោយដឹងថា៖ កិច្ចប្រជុំ ក្រុមលេខាគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBCs) លើកទី១៤ នឹងប្រារព្ធធ្វើ ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកុម្ភៈ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃហៅកាត់ថាGBCនឹងប្រារព្ធឡើងពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៩ នៅសណ្ឋាគារកាដែនស៊ីធី រាជធានីភ្នំពេញ។


ឯកឧត្ដម នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិបានអោយដឹងថា កិច្ចប្រជុំនេះនឹងមានការអញ្ជើញចូលរួមពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឯកឧត្ដម នាយឧត្តមសេនីយ៏ប្រាវីដ វុងស៊ូវុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ។ ចំពោះគណៈប្រតិភូថៃក៏មានដំណើរទស្សនកិច្ចក្នុងរាជធានី និងអញ្ជើញចូលជួបសំដែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ។
តាមផេកផ្លូវការបស់ក្រសួងការពារជាតិបានអោយដឹងថា កិច្ចប្រជុំ(GBC)រវាងកម្ពុជា-ថៃនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយភាគីទាំង២ត្រូវធ្វើជាម្ចាស់ផ្ទះម្តងម្នាក់។ គោលដៅនៃកិច្ចប្រជុំ គឺដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំង២ ពិសេសការរក្សាសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៏នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំង២ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពខុសច្បាប់នានា នៅតំបន់ព្រំដែនរួមមាន៖ បញ្ហារត់ពន្ធគ្រឿងញៀន រត់ពន្ធមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានា ដែលភាគីទាំង២ និងពុះពារស្វែងរកដំណោះស្រាយ និងមានវិធានការទប់ស្កាត់ ដើម្បីរក្សា និងធានាបាននូវស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៏នៅតាមបណ្តោយព្រំដែនរួម នៃប្រទេសជិតខាងទាំង២ ។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)
ឯកឧត្ដម នាយឧត្តមសេនីយ៏ នាង ផាត បានជំរុញអោយ គ្រប់បណ្តាកង ឯកភាពដែលពាក់ព័ន្ធត្រូវយកចិត្តទុកដាក់អនុវត្ត នូវភារកិច្ចរៀងៗខ្លួន ដើម្បី ធ្វើឲ្យកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែនទូទៅ(GBCs) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ(GBC)កម្ពុជា-ថៃ លើកទី១៤ ប្រព្រឹត្តទៅ បានល្អ ជៀសវាងមានបញ្ហាអ្វីមួយកើតឡើងជាយថាហេតុ៕