រដ្ឋបាលខេត្តស្វាយរៀងជំរុញឲ្យមន្ត្រីក្រោមឱវាទត្រូវពង្រឹងការងារផ្តល់សេវាដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ

វិទ្យជាតិកម្ពុជា៖ ដោយ អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី៧ ខែកុម្ហះ ឆ្នាំ២០១៩៖

រដ្ឋបាលខេត្តស្វាយរៀង បានជំរុញឲ្យមន្ត្រីក្រោមឱវាទត្រូវពង្រឹងប្រសិទ្ធភាពការងារផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ តាមរយះច្រកចេញចូលតែមួយ ដើម្បីលើកកម្ពស់ការដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គុណភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ។


លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការិយាល័យច្រកចេញចូលតែមួយ ជាកន្លែងប្រមូលផ្តុំសេវារដ្ឋបាល ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដូច្នេះត្រូវតែធ្វើឲ្យបានល្អ លឿនរហ័ស និងគ្មានអំពើពុករលួយយកកម្រៃក្រៅផ្លូវការ។
លោកអភិបាលរងខេត្ត បានបន្តថា មន្ត្រីទាំងអស់ដែលបំរើការងារនៅការិយាល័យច្រកចេញចូលតែមួយ សាលាខេត្តស្វាយរៀង ត្រូវធ្វើយ៉ាងផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយទឹកចិត្តសប្បាយ រីករាយ រួសរាយ រាក់ទាក់ និងមានអាកប្បកិរិយាសុភាពរាបសារ មិនប្រព្រឹត្តិអំពើពុករលួយ ឬស៊ីសំណូកឡើយ ដើម្បីធានានូវតម្លាភាព តារាងតម្លៃសេវាត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងបិទបង្ហាញតាមជញ្ជាំងការិយាល័យច្រកចេញចូលតែមួយ ។
លោក បញ្ចាក់ថា ការផ្តល់សេវានេះជាការចូលរួមលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការសម្រុះសម្រួលដោះស្រាយបណ្តឹង នៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាល ៕