វាសនារបស់មន្ត្រីនៅអង្គភាពកាំសាប នឹងត្រូវពិភាក្សាដោយក្រសួងចំនួនពីរនាពេលខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ ដោយ វ៉ាង ភក្តី និង ធីណា ឌីណេ៖វាសនារបស់មន្ត្រីបម្រើការងារនៅក្រុមហ៊ុនរដ្ឋឈ្មោះ ភ្នាក់ងារកម្ពុជានាវាចរ ហៅថា កាំសាប នឹងត្រូវពិភាក្សាដោយក្រសួងចំនួនពីរនាពេលខាងមុខនេះ បន្ទាប់ពីអង្គភាពទទួលបន្ទុកច្រកចេញចូលទំនិញនេះ ត្រូវរំលាយនៅត្រឹមដំណាច់ខែកុម្ភៈនេះ។


ថ្លែងប្រាប់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈនេះ ឯកឧត្តម វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារការ និងដឹកជញ្ជូន បានឲ្យដឹងថា ថ្នាក់ដឹកនាំក្រសួងសាធរណការ និងដឹកជញ្ជូន និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ដុ គ្រោងជួបពិភាក្សាគ្នាអំពីបែងចែកភារកិច្ចមន្រ្តីបម្រើការងារ នៅអង្គភាពកាំសាប នៅពេលខាងមុខនេះ។ ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងទាំងពីរនេះ កំពុងតែត្រៀមឯកសារមួយចំនួន ក្នុងការផ្លាស់ប្តូរមន្ត្រីរាជការដែលបំពេញការងារនៅអង្គភាពកាំសាបឲ្យទៅកាន់អង្គភាពផ្សេងៗ ដែលស្ថិតនៅក្រោមចំណុះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។


យើងទើបតែបានទទួលអនុក្រឹត្ស ដើម្បីត្រៀមខ្លួនរៀបចំកិច្ចការងារផ្ទៃក្នុងរបស់ក្រសួង ដោយយើងទើបតែបានត្រៀម។ ប៉ុន្តែយើងអត់ទាន់ចាប់ផ្តើម ដោយសារតែយើងទើបតែទទួលបានសេចក្តីសម្រេច ហើយក្រសួងក៏ធ្លាប់បានប្រជុំម្តងរួចមកហើយ ដោយដឹកនាំដោយក្រសួងហិរញ្ញវត្ថុ ដើម្បីរៀបចំសេចក្តីសម្រេច ដោយទុកឲ្យក្រសួងនិមួយៗ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំអចលនទ្រព្យ ហើយក្រសួងសាធារណការនឹងរៀបចំធ្វើសមាហរកម្មសំរាប់មន្រ្តីរាជការ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី៥ ខែកុម្ភៈ បានចេញអនុក្រឹត្យដោយសម្រេចរំលាយអង្គភាពកាំសាប ចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
សម្តេចតេជោ បានប្រគល់ភារកិច្ចឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកសម្របសម្រួលផ្ទេរក្របខ័ណ្ឌ និយោជក និងនិយោជិតរបស់អង្គភាពកាំសាបតាមលទ្ធភាព និងតម្រូវការជាក់ស្តែងចូលទៅក្នុងក្របខ័ណ្ឌមន្រ្តីរាជការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឬកំពង់ផែស្វយ័តភ្នំពេញ ឬកំពង់ផែស្វយ័តក្រុងព្រះសីហនុឲ្យបានគ្រប់ៗគ្នា។
ភ្នាក់ងារកម្ពុជានាវាចរកាំសាប គឺជា ក្រុមហ៊ុនចំណុះរដ្ឋមួយ ដែលត្រូវបានបង្កើតឡើង នៅខែសីហាឆ្នាំ១៩៩៩ ដើម្បីសម្រួលពាណិជ្ជកម្មនៅច្រកចេញចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន កាលពីថ្មីៗនេះ បានបញ្ជាក់ថា ការលុបស្ថាប័នកាំសាបធ្វើឲ្យកម្ពុជា បាត់ចំណូលតែ៥០ម៉ឺនដុល្លារអាម៉េរិក ក្នុងមួយឆ្នាំក៏ពិតមែន ប៉ុន្ដែការលុបនេះដើម្បីការរស់រាន និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ ភាពសម្រួលពាណិជ្ជកម្ម ដែលមកវិនិយោគនៅកម្ពុជា ខណៈដែលបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប នាវាបរទេសអាចធ្វើការទាក់ទងដោយផ្ទាល់មកកំពង់ផែតែម្ដង៕