រឿងរ៉ាវរបស់លោកស៊ីជីនភីង ជុំវិញសុបិនរបស់ប្រទេសចិនដែលកើតចេញពីក្នុងភូមិតូចមួយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

លោកប្រធានរដ្ឋចិនស៊ីជីនភីងបានចំណាយពេលក្នុងភាពជាយុវវ័យរបស់លោកគឺពីអាយុ១៥ឆ្នាំដល់២២ឆ្នាំនៅភូមិLiangJiaheជាភូមិតូចមួយដែលស្ថិតនៅតំបន់ខ្ពង់រាបភាគពាយព្យប្រទេសចិន ដែលមិនអាចបំភ្លេចបាន។
ផ្តើមចេញពីកន្លែងនេះ លោកបានស្វែងយល់ពីសភាពការណ៍និងគំនិតយោបល់របស់ប្រជាជនដែលជាមូលដ្ឋានសំខាន់បំផុតក្នុងសង្គមចិន ហើយក៏បានពង្រឹងនូវគោលដៅនៃជីវិតរបស់មេដឹកនាំកំពូលនៃប្រទេសចិនរូបនេះគឺធ្វើសកម្មភាពអ្វីមួយជាក់ស្តែងសម្រាប់ប្រជាជន។
កាលពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៥ លោកស៊ីជីនភីងប្រធានរដ្ឋចិនបានកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិកបានចែករំលែកជាមួយជនជាតិអាមេរិកនូវរឿងរ៉ាវមួយក្នុងពិធីអបអរស្វាគមន៍លោកដែលសហការរៀបចំឡើងដោយរដ្ឋបាលរដ្ឋវ៉ាស៊ិនតោននិងសមាគមមិត្តភាពអាមេរិក ពេលនោះ លោកស៊ីជីនភីងបានថ្លែងថា នៅចុងទសវត្សរឆ្នាំ១៩៦០ ទើបតែមានអាយុជាង១០ឆ្នាំ ខ្ញុំបានចាកចេញពីក្រុងប៉េកាំងទៅដល់ភូមិតូចមួយឈ្មោះLiangJiaheដែលស្ថិតនៅក្រុងYanAnខេត្តShanXiប្រទេសចិន ធ្វើជាកសិករម្នាក់ ខ្ញុំបានចំណាយពេល៧ឆ្នាំនៅភូមិLiangJiahe។ ក្រោយមក ខ្ញុំត្រូវបានជាប់ឆ្នោតជាលេខាធិការនៃសាខាគណៈកម្មការបក្សកុម្មុយនិស្តចិនប្រចាំភូមិ ដឹកនាំអ្នកភូមិអភិវឌ្ឍន៍ផលិតកម្ម។រឿងមួយដែលលោកស៊ីជីនភីង រំពឹងទុកគឺឲ្យអ្នកភូមិហូបសាច់ឲ្យបានឆ្អែតហើយអាចបរិភោគសាច់ជារៀងរហូត។
លោកស៊ីជីនភីងបានរំលឹកឡើងវិញក្នុងអត្ថបទមួយថា ក្នុងនាមមន្រ្តីសាធារណៈរបស់ប្រជាជន ចាំបាច់ត្រូវធ្វើសកម្មភាពអ្វីមួយជាក់ស្តែងសម្រាប់ប្រជាជន។
នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនកាលពីឆ្នាំ២០១៥ លោកស៊ីជីនភីងបានវិលត្រឡប់ទៅកាន់ភូមិLiangJiaheម្តងទៀត ហើយបានឃើញអ្នកភូមិដែលធ្លាប់ធ្វើការនិងរួមរស់នៅជាមួយគ្នា។និយាយដល់ដំណើរទស្សនកិច្ចវិលត្រឡប់ទៅកាន់ភូមិតូចមួយនេះវិញ លោកស៊ីជីនភីងបានថ្លែងថា ភូមិLiangJiaheមិនដូចគ្នានឹងកាលពីមុននោះទេ អ្នកភូមិបានស្នាក់នៅផ្ទះដែលសង់ឡើងពីឥដ្ឋប្រក់ក្បឿង ហើយប្រើប្រាស់បណ្តាញអ៊ីធើណែត មនុស្សចាស់ៗមានប្រាក់សោធនជាមូលដ្ឋាន អ្នកភូមិមានការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ត ក្មេងៗអាចទទួលបានការអប់រំដ៏ល្អប្រសើរ តាមការពិត ការបរិភោគសាច់លែងជាបញ្ហាទៀតហើយ ការនេះបានធ្វើឲ្យលោកស៊ីជីនភីង យល់ឃើញកាន់តែជ្រាលជ្រៅថា សុបិនរបស់ប្រទេសចិនគឺជាសុបិនរបស់ប្រជាជន ចាំបាច់ត្រូវតែតភ្ជាប់ជាមួយក្តីបំណងប្រាថ្នារបស់ប្រជាជនចិនចំពោះជីវភាពរស់នៅដ៏ល្អប្រសើរទើបអាចទទួលជោគជ័យបាន៕