ជំនួយបានទៅដល់ជំរំជនភៀសខ្លួនស៊ីរី ដែលពួកឧទ្ទាមត្រួតត្រាក្បែរព្រំដែនហ្សកដានី

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ — ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA  រាយការណ៍ថា អឌ្ឍចន្ទក្រហមអារ៉ាប់ស៊ីរី ( SARC )   បានទទួលជោគ ជ័យកាលពីថ្ងៃពុធ ក្នុងការប្រគល់ជំនួយដែលផ្ទុកក្នុងរថយន្តកាមីញ៉ុង ១៣៣​គ្រឿង ទៅឱ្យពួកជនភៀសខ្លួនស៊ីរី ដែលចាប់គាំងនៅក្នុងជំរំមួយ នៅលើព្រំដែន ស៊ីរី  – ហ្សកដានី ។

សេចក្តីរាយការណ៍នោះបាននិយាយថា ក្បួនរថយន្តដឹកជំនួយបានទៅដល់ជំរំ Rukban   នៅក្បែរតំបន់ al- Tanf លើព្រំដែនស៊ីរី – ហ្សកដានី ដែលនៅទីនោះ មានស្ត្រី , កុមារ និង បុរស ប្រហែល ៥០.០០០នាក់រស់នៅ ។

តំបន់ជំរំនោះ ត្រូវបានត្រួតត្រាដោយក្រុមឧទ្ទាម  Liwa Shuhada al-Qaryatayn ដែលគេរំពឹងថា នឹងត្រូវគេជម្លៀសទៅកាន់ប្រទេសស៊ីរីភាគខាងជើង ស្របទៅតាមកិច្ចព្រមព្រៀងមួយដែលរុស្ស៊ីគាំទ្រ ប៉ុន្តែគេមិនបានធ្វើ ។

ជំរំដែលពួកឧទ្ទាមត្រួតត្រានេះ ត្រូវបានវាយប្រហារកាលពីមុនដោយរដ្ឋអ៊ីស្លាមពីរបីដង ។  អ.ស.ប បានព្រមានហើយព្រមានទៀតពីស្ថានភាព បន្ទាន់នៅក្នុងជំរំ Rukban  ដោយទទូចឱ្យមានការផ្តល់ជំនួយទៅដល់ប្រជាជនស៊ីរីដែលមានការ​ប៉ះពាល់ ដែលកំពុងទទួលរងពី អាកាសធាតុត្រជាក់ និងការ ខ្វះនូវវត្ថុចាំបាច់ជាមូលដ្ឋាន ។ រដ្ឋាភិបាលស៊ីរី កាលពីពេលថ្មីៗនេះ បានចោទប្រកាន់វត្តមានអាម៉េរិក នៅក្នុងតំបន់ Tanf  ដែលនៅជិតខាងពីបទធ្វើឱ្យរំខានដល់ការប្រគល់ជំនួយទៅឱ្យជំរំនោះ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )