កម្ពុជា និងឥណ្ឌូនេស៊ីឯកភាពគ្នាជំរុញឲ្យមានការហោះហើរត្រង់ក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០១៩នេះ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ប្រទេសកម្ពុជា និងឥណ្ឌូនេស៊ីបានឯកភាពគ្នាជំរុញឲ្យមានការហោះហើរត្រង់ពីទីក្រុង ចាកាតាមកកាន់រាជធានី ភ្នំពេញអំឡុងពាក់កណ្តាលឆ្នាំ២០១៩នេះ ដើម្បីសម្រួលដល់អ្នកវិនិយោគនិងទាក់ទាញភ្ញៀវទេសចរទៅវិញទៅមក។

ក្នុងជំនួបជាមួយឯកឧត្តមស៊ួឌីរាសម៉ាន់ ហាសសេង(Sudirman Haseng) ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌូនេស៊ី  ប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានមានប្រសាសន៍ស្វាគមន៍ចំពោះក្រុមហ៊ុន អាកាសចរណ៍City Link របស់ប្រទេសឥណ្ឌូនេស៊ីដែល បាន ត្រៀម ធ្វើការហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកម្ពុជា​និងពីកម្ពុជា ទៅប្រទេសឥណ្ឌូនេស៊ីនៅក្នុងអំឡុង ឆមាសទី២ ឆ្នាំ២០១៩ នេះ។

ឯកឧត្តមបន្តថា គម្រោងហោះហើរត្រង់នេះ និងអាចទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរឥណ្ឌូនេ ស៊ីមកកម្ពុជាកាន់ តែច្រើនថែមទៀត ខណៈឆ្នាំ២០១៨កន្លងមកនេះចំនួនភ្ញៀវ  ទេសចរឥណ្ឌូនេស៊ីដែលមកកម្ពុជា  នៅមានកម្រិតទាប នៅឡើយពោលគឺមានត្រឹមតែ៥ម៉ឺន៥ពាន់នាក់ប៉ុណ្ណោះ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី មានលក្ខណៈល្អប្រសើ។ ប៉ុន្តែដោយ គ្មានជើងហោះហើរត្រង់ធ្វើឲ្យចំនួនភ្ញៀវទេសចរឥណ្ឌូនេស៊ីមកកម្ពុជានៅមានកម្រិតតិចតួច បើទោះបីជាចំនួន ប្រជាជន ឥណ្ឌូនេស៊ីមានរហូតដល់ជាង៥០លាននាក់ក៏ដោយ។

ឯកឧត្តម ស៊ួឌីរាសម៉ាន់ ហាសសេង ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌូនេស៊ីបានឯកភាពជាមួយភាគីកម្ពុជា ក្នុងការជួយជំរុញឲ្យ មានការហោះហើរត្រង់នៅចុងឆ្នាំ២០១៩ខាងមុខនេះដើម្បីបំរើផលប្រយោជន៍នៃប្រទេសទាំងពីរតាមរយៈបង្ករភាពងាយស្រួលដល់អ្នកវិនិយោគ និងភ្ញៀវទេសចរទៅវិញទៅមក។

សូមបញ្ជាក់ថា កាលពីមុនឆ្នាំ១៩៧០ មានក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលឥណ្ឌូនេស៊ីបានបើកឲ្យមានការ ហោះត្រង់ មកកម្ពុជារួចមកហើយ ប៉ុន្តែត្រូវបានផ្អាកទៅវិញដោយសារសង្គមផ្ទៃក្នុងនៅកម្ពុជា ហើយគម្រោងហោះ ហើរត្រង់ពី ឥណ្ឌូនេស៊ីមកកាន់កម្ពុជានេះជាលើកទី១ហើយបន្ទាប់ពីបានផ្អាកមិនឲ្យមានការហោះហើរត្រង់ជាង៤០ឆ្នាំរួចមក៕