វៀតណាមស្វាគមន៍គម្រោងនៃជំនួបកំពូលលើកទីពីរ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង

AKP ភ្នំពេញថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០១៩​ — វៀតណាមស្វាគមន៍ចំពោះកិច្ចប្រជុំកំពូលលើកទី ២ រវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) និងកិច្ចសន្ទនាដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅឧបទ្វីបកូរ៉េ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បាននិយាយថា កិច្ចប្រជុំកំពូលនេះត្រូវបានគ្រោងធ្វើនៅថ្ងៃទី២៧ និង ២៨ ខែកុម្ភៈ នៅក្នុងប្រទេសវៀតណាម។ លោកស្រីបាននិយាយដូច្នេះ ដែលជាការឆ្លើយតបទៅនឹងសំនួរសម្រាប់មតិយោបល់របស់វៀតណាម ស្តីពីការកត់សម្គាល់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយស្តីពីកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ។

មន្ត្រីរូបនេះបានសន្និដ្ឋានថា វៀតណាមត្រៀមខ្លួនចូលរួម និងសហការយ៉ាងសកម្មជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យបានជោគជ័យសម្រាប់កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក  និងកូរ៉េខាងជើង លើកទីពីរនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)