ខេត្តកំពង់ធំបញ្ចប់ការងារបង្កបង្កើនផលស្រូវប្រដេញទឹក និងស្រូវរដូវប្រាំង

AKP កំពង់ធំ ថ្ងៃទី0៧ ខែកុម្ភៈ ឆ្នាំ២០១៩ -លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងនៅថ្ងៃពុធ ២កើ​ត ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០​៦ ខែកុម្ភៈ ឆ្នាំ២០១៩ថា គិតត្រឹមថ្ងៃទី០៥ខែកុម្ភៈ ឆ្នាំ២០១៩ ខេត្តកំពង់ធំបានបញ្ចប់ការងារបង្កបង្កើនផលស្រូវ ប្រដេញទឹកនិងស្រូវរដូវប្រាំងឆ្នាំ២០១៨-២០១៩ ដោយអនុវត្តន៍បានចំនួន ៦១.២៤៩ហិកតា ស្មើនឹង១៥៣ភាគរយ នៃផែនការ ៤០.០០០ហិកតា បើប្រៀបនឹងការអនុវត្តក្នុងឆ្នាំ២០១៧-២០១៨ ខ្ពស់ជាងចំនួន ៧.៣៩៧ហិកតា។

លោក ធីវ វណ្ណធីរ បានឱ្យដឹងទៀតថា ផ្ទៃដីស្រូវទាំងនេះបានរងផលប៉ះពាល់ដោយសត្វមមាចត្នោតបំផ្លាញ សរុបចំនួន ១.៣៥៥ហិកតា ក្នុងនោះនៅក្រុងស្ទឹងសែន ក្នុងសង្កាត់អូរកន្ធរចំនួន ៨៥០ហិកតា និងស្រុកបារាយណ៍នៅឃុំទ្រាល និងឃុំបារាយណ៍ចំនួន៥០៥ហិកតា(នៅដំណាក់កាលស្រូវដាក់ទឹកដោះ ដាក់ម្សៅនិងកំពុងប្រមូលផល)។គិតត្រឹមថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០១៩ ប្រជាកសិករខេត្តកំពង់ធំ បានធ្វើការប្រមូលផលបានចំនួន ២៨.៣៨០ហិកតាដោយទទួលបានទិន្នផលមធ្យម ៤,៣២៦តោនក្នុង១ហិកតា។ តម្លៃស្រូវប្រភេទ៥៤៥១សើមថ្លៃចន្លោះពី៧០០រៀល ទៅ៧១០រៀល ក្នុង១គីឡូក្រាម, ស្រូវ៥០៤សើមថ្លៃចន្លោះពី៦៤០រៀល ទៅ៦៩០រៀល ក្នុង១គីឡូក្រាម, ដំឡូងមីស្រស់ថ្លៃចន្លោះពី៣១០រៀល ទៅ៣៣០រៀលក្នុង១គីឡូក្រាម និងស្ងួតថ្លៃចន្លោះពី៦៧០រៀល ទៅ៦៩០រៀល ក្នុង១គីឡូក្រាម, គ្រាប់ស្វាយចន្ទីពូជM២៣ថ្លៃចន្លោះពី ៥.៣០០រៀល ទៅ៥.៥០០រៀល ក្នុង១គីឡូក្រាម, និងគ្រាប់ស្វាយចន្ទីពូជខ្មែរថ្លៃចន្លោះពី ៥.០០០រៀល ទៅ៥.២០០រៀល ក្នុង១គីឡូក្រាម។ ក្នុងរយៈពេលជាមួយគ្នានេះដែរ ប្រជាកសិករខេត្តកំពង់ធំក៏បានយកចិត្តទុកដាក់ដាំដំណាំរួមផ្សំរដូវប្រាំងបានចំនួន៦៦៨ហិកតាផងដែរ៕

ដោយ ស៊ុម វណ្ណា