ចូលឆ្នាំចិនឆ្នាំនេះអំពៅខ្មៅឡើងថ្លៃ អ្នកដាំសប្បាយចិត្តទទួលបានចំណូលច្រើន

វិទ្យុជាតិកម្ពុជា៖ ដោយលោកហោ សេងគ្រី

ភ្នំពេញ:ក្នុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ អំពៅខ្មៅឡើងថ្លៃជាងឆ្នាំ២០១៨ អ្នកដាំសប្បាយចិត្តទាំងទឹកមុខញញឹមដោយទទួលបានចំណូលច្រើន ។
លោក លី ហួត និងអ្នកស្រី យ៉ុង សម្បត្តិ កសិករដាំអំពៅខ្មៅ នៅក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បាននិយាយស្រដៀងគ្នាថា ឆ្នាំនេះអំពៅខ្មៅបានថ្លៃជាងឆ្នាំមុន គឺម៉ូយមកទទួលទិញដល់ចំការតែម្តង ដោយក្នុង១បាច់ថ្លៃ១០ម៉ឺនរៀល ខណៈកាលពីឆ្នាំកន្លងទៅបានតែ៧ម៉ឺនរៀលប៉ុណ្ណោះក្នុង១បាច់ និងដឹកយកទៅលក់ខ្លួនឯងទៀតផង។ ម្ចាស់ចំការទាំង២បានប្រាប់ដែរថា អំពៅខ្មៅនេះជាប្រភេទពូជអំពៅគុយបា និងដាំរយៈពេល១១ខែទើបបានលក់ ដែលជាមធ្យមក្នុង១ដើមៗប្រវែងពី៣ម៉ែត្រទៅ៤ម៉ែត្រ ហើយទាល់តែរដូវចូលឆ្នាំចិនទើបកាប់លក់។ ក្រៅពីនោះក៏មានភ្ញៀវមកទិញសម្រាប់យកទៅសែនក្នុងពិធីមង្គលការ ឬក៏ឡើងគេហដ្ឋានថ្មី ផងដែរ។
ម្ចាស់ចំការទាំង២បានបន្ថែមថា បើសិនតម្លៃ១០ម៉ឺនរៀលនោះ អាចលក់បានប្រមាណជាង៧០លានរៀលដែរ ហើយបើចុះថោកក៏អាចលក់បានជាង៥០លានរៀលដែរ ។
អ្នកស្រី លាង ហ្គិច អ្នកលក់អំពៅខ្មៅម្នាក់ នៅមុខអ្នកតាចិន ក្នុងសង្កាត់តាខ្មៅ ក្រុងតា ខ្មៅ ខេត្ត កណ្តាល បានប្រាប់អោយដឹងថា ឆ្នាំនេះអំពៅខ្មៅលក់បានថ្លៃ និង ស្រួលលក់ជាងឆ្នាំកន្លងទៅ ដោយអំពៅខ្មៅ១គូ ចងជាមួយផ្លែនិងស្លឹកទទឹម អាចលក់បានពី៣ម៉ឺន ទៅ៤ម៉ឺនរៀល ខុសពីឆ្នាំមុន បានតែប្រមាណ២ម៉ឺនទៅ២៥០០០រៀលប៉ុណ្ណោះ។ អ្នកស្រីបានបន្ថែ មថា ជនជាតិចិន ក៏ដូចជាអ្នកជាប់ខ្សែស្រឡាយចិន គេនិយមទិញអំពៅខ្មៅ ដែលចងជាមួយផ្លែ និងស្លឹកទទឹមយកទៅដាក់នៅផ្ទះ ក្នុងឱកាសចូលឆ្នាំថ្មី ព្រោះមានជំនឿថា នឹងនាំមកនូវ ហុងស៊ុយល្អ ព្រមទាំងសេចក្តីសុខ និងលាភសំណាងផងដែរ។
អ៊ំស្រី វួច លាង និងអ្នកស្រី លី សុខធារី រស់នៅរាជធានីភ្នំពេញ បាននិយាយថា គាត់មកអុជធូបនៅលោកតាចិនតាខ្មៅ ( លោកតាធំ )នេះគឺដើម្បីសុំសេចក្តីសុខនិងរកស៊ីមានបាន ហើយក៏ឆ្លៀតទិញអំពៅខ្មៅយកទៅដាក់ផ្ទះផងដែរ៕