រដ្ឋបាលខេត្តកំពតចង់ឱ្យមានទំនប់ស្ទាក់ទឹកហូរចុះពីអាងវារីកំចាយដើម្បីរក្សាទុកប្រើប្រាស់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

អាជ្ញាធរខេត្តកំពត ចង់ឱ្យមានទំនប់ស្ទាក់ទឹកហូរចុះពីអាងវារីអគ្គិសនីកំចាយ ដើម្បីរក្សាទុកប្រើប្រាស់ពេញមួយឆ្នាំៗ។ រដ្ឋបាលខេត្តនឹងពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងជំនាញក្នុងការបង្កើតសមិទ្ធផលចាំបាច់នេះ ដើម្បីគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព។


ថ្លែងក្នុងកិច្ចប្រជុំនៅសាលាខេត្តស្តីពីការត្រៀមគ្រប់គ្រង និងឆ្លើយតបហានិភ័យផ្សេងៗ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានមានប្រសសាន៍ថា មន្ទីរធនធានទឹកខេត្តត្រូវកំណត់គោលដៅឱ្យច្បាស់លាស់ ដើម្បីរក្សាទឹកសម្រាប់ប្រើប្រាស់បានគ្រប់គ្រាន់។ សព្វថ្ងៃ នៅខេត្តកំពតមានរោងចក្រចម្រាញ់ទឹកស្អាតពីរ ដែលទទួលទឹកដោយការបង្ហូរចុះពីអាងទំនប់វារីកំចាយ ក្នុងសកម្មភាពផលិតអគ្គិសនី ។រោងចក្រទាំងពីរនេះអាចផលិតទឹកស្អាតបាន១៣.៥០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។ ដូច្នេះបើក្នុងអាងទំនប់ពុំមានទឹកទេនោះទឹកស្អាតដែលបានមកពីការចម្រាញ់របស់រោងចក្រទាំងពីរក៏គ្មានដែរ។ ឯកឧត្តមបានបន្តថា បើក្នុងមួយថ្ងៃរោងចក្រវារីអគ្គិសនីដំណើរការបង្ហូរទឹកពេញ២៤ម៉ោងនោះនឹងត្រូវប្រើទឹកអស់១៥លានម៉ែត្រត្រីគុណ។ ម្ល៉ោះហើយតាមបរិមាណទឹកដែលមានក្នុងអាងទំនប់ទាំងប៉ុន្មានគឺបង្ហូរត្រឹម១៨ថ្ងៃនឹងត្រូវអស់តែម្តង។ ប៉ុន្តែ សព្វថ្ងៃនេះក្រុមហ៊ុនប្រើតែបីម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃដើម្បីសន្សំសំចៃទឹកទុក។
ឯកឧត្តមបញ្ជាក់ថា រដ្ឋបាលខេត្តមានការសោកស្តាយ ដែលសព្វថ្ងៃមិនមានទំនប់ស្ទាក់ទឹកធ្លាក់មកពីភ្នំកំចាយទុកសម្រាប់ប្រើប្រាស់នៅពេលជួបភាពរាំងស្ងួត ព្រោះខ្វះផ្នែកបច្ចេកទេស ហើយក៏ហួសពីដែនសមត្ថកិច្ចរបស់ខេត្តដែរ។ យ៉ាងណាក៏ដោយ ឯកឧត្តមនឹងជួបពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មពាក់ព័ន្ធប្លង់នៃការបង្កើតទំនប់ ឬមានចំណាត់ការក្នុងការរក្សាទឹកទុក ដើម្បីគ្រប់គ្រងប្រកបដោយនិរន្តរភាព៕