ក្រសួងសាធារណការ អំពាវនាវអោយមន្ត្រីក្រោមឱវាទចូលរួមផ្ដល់ឈាមសប្បុរសធម៌

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ស្រី​ ផល​៖

ក្រសួងសាធារណការ និងដឹកជញ្ជូនអំពាវនាវដល់មន្ត្រីក្រោមឱវាទទាំងអស់ចូលរួមដោយស្ម័គ្រចិត្តក្នុងការផ្ដល់អំណោយឈាមសប្បុរសធម៌សម្រាប់ជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ដើម្បីសង្គ្រោះអាយុជីវិត។
សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល បានធ្វើការស្នើសុំនូវអំណោយឈាមដោយស្ម័គ្រចិត្ត ពីមន្ត្រីនៅក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងគោលបំណងដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់ជារៀងរាល់ថ្ងៃ ខណៈឈាមនៅក្នុងស្តុកប្រឈមនឹងកង្វះខាត។
មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានខិតខំស្វះស្វែងដាក់លិខិតស្នើសុំបរិច្ចាគឈាមនៅតាមស្ថាប័នរដ្ឋ និងឯកជននានាទូទាំងរាជធានីដោយស្ម័គ្រចិត្ត សម្រាប់ជួយដល់ជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់ថា នៅតាមមន្ទីរពេទ្យ តែងតែមានអ្នកជំងឺត្រូវការឈាម ដើម្បីសង្គ្រោះជីវិតមនុស្សរៀងរាល់ថ្ងៃ ហើយនេះជាបញ្ហាប្រឈមដែលទាមទារនូវជំនួយឈាមស្រស់ពីសប្បុរសជន ដើម្បីត្រៀមទុកជួយសង្គ្រោះជីវិតមនុស្សពីការបាត់បង់ឈាមច្រើន ដោយមិនបាច់បង់ថ្លៃ។
អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថា ប្រទេសកម្ពុជា ទាមទារឱ្យមានការចូលរួមធ្វើដំណោយឈាមពីប្រជាជនក្នុង១ឆ្នាំ ឱ្យបានយ៉ាងហោចណាស់១ភាគរយ ឬស្មើនឹង១៥ម៉ឺននាក់ ក្នុងចំណោមប្រជាជនចំនួន១៥លាននាក់ ទើបអាចឆ្លើយតបទៅនឹងតម្រូវការដែលមានរហូតដល់២០០ប្លោក ក្នុង១ថ្ងៃ៕