កីឡាការិនី ចំបាប់២នាក់មានមហិច្ឆតាចង់ឈ្នះមេដាយជូនជាតិ នាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩​ — កីឡាការិនីខ្មែរក្រោមពីរនាក់បងប្អូនបានដាក់ចិត្តខិតខំហ្វឹក ហាត់កីឡាចំបាប់ ដើម្បីសាងភាព ល្បីល្បាញ និងត្រៀមប្រជែងដណ្តើមមេដាយជូនកម្ពុជា នាស៊ីហ្គេម លើកទី ៣២ នាឆ្នាំ២០២៣ ខាងមុខ នៅកម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពេលហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កីឡាការិនី​កីឡាចំបាប់ពីរនាក់បងប្អូននេះ ទទួលបានការជំរុញលើកទឹកចិត្តពីឪពុក ដែលជាអ្នកចេះ និង ស្រឡាញ់ខ្លាំងទៅលើការអភិរក្សក្បាច់គុន បុរាណខ្មែរនោះ ធ្វើឱ្យបងប្អូនស្រី២នាក់មានឈាម ជ័រជាខ្មែរក្រោម បានកំពុងដាក់ចិត្តកាន់តែជ្រៅទៅលើការខិតខំហ្វឹកហាត់កីឡាចំបាប់ ដើម្បី ឆ្ពោះទៅសម្រេចបំណងរបស់ខ្លួន និងមហិច្ឆតាដ៏ធំរបស់ពួកគេ ក្នុងការប្រជែងរកមេដាយឱ្យ បានពីការប្រកួត ពីស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាព្រឹត្តិការណ៍អន្តរជាតិនានា នាពេលខាងមុខ ផងដែរ។

កីឡាការិនី គីម លៀង ដែលជាបងស្រីបានទទួលស្គាល់ថា តាមរយៈការចូលមកហ្វឹក ហាត់បានជាង៤ខែនេះ គឺនាងនៅខ្សោយកម្លាំង ប៉ុន្តែនាងនៅតែខិតខំបង្កើនកម្លាំងថាមពល និងបច្ចេកទេសពីគ្រូបង្វឹករបស់នាង ឱ្យកាន់តែខ្លាំងក្លា។ ចំណែកកីឡាការិនី គីមឡៃ មានភាព ជឿជាក់ខ្លាំងលើខ្លួនឯង ហើយតាំងពីកុមារភាព ដោយក្មេងស្រី ម្នាក់នេះមិនដែលខ្លាច លើការ​វាយតប់ជាមួយ ក្មេងប្រុសៗ ដោយអត្តចរិតដូចក្មេងប្រុស ម្នាក់នេះ ក៏បានជួយជំរុញ ឱ្យនាងចូលហ្វឹកហាត់កីឡាចំបាប់។ គីមឡៃនិយាយថា សហព័ន្ធកីឡាចំបាប់កម្ពុជា និងថ្នាក់ ដឹកនាំនឹងជួយជ្រោមជ្រែងដល់រូបនាង ដើម្បីបង្កើនសមត្ថភាពឈានទៅដល់កម្រិតមួយ ដែល អាចដណ្តើមមេដាយពីការ ប្រកួតនៅលើឆាកអន្តរជាតិជូនជាតិ។

ចំណែកឯ លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាអ្នក ជួយរ៉ាប់រងឱ្យ ឡឹម គីមលៀង និង ឡឹម គីមឡៃ បានបន្តការសិក្សានៅសាលាបាក់ទូកនោះ មានការពេញចិត្តយ៉ាងខ្លាំងទៅលើឆន្ទៈ របស់កីឡាការិនីមកពីកម្ពុជាក្រោមទាំងពីរនាក់បង ប្អូននេះ ដោយលោករំពឹងថា ថ្នាលទាំងពីរនាក់នេះនឹងក្លាយជាបេក្ខភាព ក្នុងចំណោមបេក្ខភាព កីឡាការិនីកីឡាចំបាប់កម្ពុជាផ្សេងៗទៀត ដែលអាចជួយសម្រេចទិសដៅ ក្នុងការឈ្នះ មេដាយមាស នៅក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា៕

ដោយ ហេង ណាលីន