នាវាទេសចរណ៍ជប៉ុន នាំភ្ញៀវទេសចរជិត ៥០០នាក់ មកធ្វើទស្សនកិច្ចនៅកម្ពុជាតាមច្រកកំពង់ផែសមុទ្រ

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩​ — មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នៅព្រឹក ថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ នាវាទេសចរណ៍ជប៉ុនមួយគ្រឿងមានឈ្មោះ PACIFIC VENUS បាននាំភ្ញៀវទេសចរបរ ទេសចម្រុះជាតិសាសន៍ជិត ៥០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកប ដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចរយៈពេលមួយថ្ងៃនៅព្រះរាជាណាចក្រកម្ពុជាមុននឹង ចាកចេញទៅកាន់ប្រទេសវៀតណាម។


នាវាទេសចរណ៍ PACIFIC VENUS មានសញ្ជាតិ JAPAN មានបណ្តោយប្រវែង ១៨៣.៤ម៉ែត្រ និងទទឹង ២៥ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ៦សញ្ជាតិ មកពីសិង្ហបុរី ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៦ និង ៤០នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ នាវាមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅវេលាម៉ោង ២០យប់ថ្ងៃដដែល។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា PACIFIC VENUS មានជិត ៥០០នាក់ ក្នុងនោះ ភ្ញៀវទេសចរសរុបចំនួន ២៨៨នាក់ ស្រី ១៦៩នាក់ មាន ៦សញ្ជាតិ និងមាន​នាវិកសរុបចំនួន ១៩៥នាក់ ស្រី ៤៧នាក់ មាន ៦សញ្ជាតិ។ ភ្ញៀវទេសចរដែលមាន សញ្ជាតិច្រើនជាងគេ មានដូចជា ជប៉ុន ២៨១នាក់ និងក្រៅពីនោះមានភ្ញៀវទេសចរ សញ្ជាតិផ្សេងៗទៀត។ ភ្ញៀវទេសចរបរទេសធ្វើដំណើរកម្សាន្តតាមតំបន់រមណីយដ្ឋាន ក្នុងខេត្តព្រះសីហនុ ទីប្រជុំជនផ្សារ តំបន់នេសាទ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ភ្ញៀវទេសចរធ្វើដំណើរតាមនាវា PACIFIC VENUS មានម្នាក់បានធ្វើដំណើរបន្ត ទៅទស្សនារមណីយដ្ឋានវប្បធម៌អង្គរ ខេត្តសៀមរាប និងភ្ញៀវទេសចរចំនួន១៩នាក់ មានស្រី ១២នាក់ មាន១សញ្ជាតិធ្វើដំណើរពីសៀមរាប ចេញតាមច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសវៀតណាម៕

ដោយ ងូ សុមុនី