មន្រ្តីអភិរក្សសត្វព្រៃរកឃើញសំបុកសត្វត្រដក់ចំនួន១៩ សំបុកនៅក្នុងដែនជម្រកសត្វព្រៃលំផាត់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ែន សុវុទ្ឋី ៖

មន្រ្តីអភិរក្សសត្វព្រៃរកឃើញសំបុកសត្វត្រដក់ ចំនួន ១៩ សំបុកនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ដែលជាសញ្ញាបញ្ជាក់ពីវត្តមានសត្វស្លាបនៅក្នុងតំបន់នេះមានការកើនឡើង។

លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជាបានប្រាប់វិទ្យុជាតិកម្ពុជាថា
ក្នុងចំណោមសំបុកសត្វត្រដក់ទំាង១៩ សំបុកនេះ មានតែចំនួន ១៦សំបុកប៉ុណ្ណោះដែលទទួលជោគជ័យមានកូនសរុប ចំនួន ២៥ក្បាល ដោយឡែក ៣ សំបុកទៀតបរាជ័យដោយការរំខានពីសកម្មភាពរបស់មនុស្សក្នុងនោះក៏មានមួយសំបុកត្រូវបានផ្ដួលរំលំដើមឈើក្នុងគោលបំណងប្រមូលពងកូន។
លោកបានបញ្ជាក់ថា សំបុកសត្វត្រដក់តូចដែលជាប្រភេទ សត្វស្លាបស្ថិតក្នុងក្រុមដ៏កម្ររបស់កម្ពុជាចំនួន១៩សំបុកនេះ ត្រូវបានរកឃើញដោយបុគ្គលិកទីវាល របស់អង្គរការជិវិតសត្វស្លាបអន្តរជាតិ និងគណៈកម្មការ សហគមន៍តំបន់ការពារធម្មជាតិ អូររៃ និងវាលកំបោរ នាដែនជម្រកសត្វព្រៃលំផាត់ កាលពីពេលថ្មីៗនេះ។ លោកអះអាងថា ក្រោយពីឃើញវត្តមានសត្វត្រដក់ដ៏កម្ររួចមក ក្រុមអ្នក អភិរក្សបានចាត់វិធានការការពារទៅតាមជំនាញរៀងខ្លួន ដើម្បីអោយសត្វទំាងនេះបានរីកលូតលាស់បានល្អ ដែលឈានទៅបង្កើនចំនួនសត្វកម្រប្រភេទនេះឲ្យបានកាន់តែច្រើន។
យើងមានកម្មវិធី ការពារវា ដើម្បីធានាថា ពងញាស់របស់វាប្រកបដោយសុវត្ថិភាព វាជាផ្នែកមួយនៃការអភិរក្ស សត្វជិតផុតពូជទាំងអស់ហ្នឹង អ្វីដែលយើងបង្ហាញតាមការរក ឃើញ បានន័យថា តំបន់ដែនជម្រកសត្វព្រៃលំផាត់ ជាតំបន់មួយដែល មានសារៈសំខាន់ក្នុងនៃជីវៈចម្រុះ ក្នុងន័យដែលគាំទ្រដល់សត្វជិតផុតពូជ ចឹង មិនមែនមានតែសត្វត្រដក់តូច នឹងទេនិងមានសត្វជិតផុតពូជជាច្រើនទៀតមានដូចជាសត្វត្រយ៉ងយក្សសត្វត្រយ៉ង ចំកំកស ជាដើម ការរកឃើញរបស់យើងនេះ វាកាន់តែបញ្ជាក់យ៉ាងច្បាស់ថាតំបន់នេះ នៅមាន តម្លៃជីវចំរុះ សំខាន់ មែនទែនដែលយើង ទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ក្នុងការងារអភិរក្ស។
លោកបានបន្ថែមទៀតថា ក្រុមមន្រីអភិរក្សនៅដែនជំរកសត្វព្រៃលំផាតកំពុងរៀបចំគម្រោងសហគមន៍ទេសចរណ ដើម្បីគាំទ្រសហគមន៍ដែលគាត់ចូលរួមក្នុងការពារសត្វស្លាបកម្រទាំងអស់នេះ ហើយក៏ដូចជាអប់រំផ្សព្វផ្សាយទៅកាន់សាធារណ:ជន ឬក៏ទាក់ទាញសាធារណ:ជនឲ្យស្រលាញ់សត្វស្លាប ក៏ដូចជាសត្វព្រៃនៅតំបន់នោះផងដែរ។
សូមបញ្ជាក់ថា អង្គការជីវិតសត្វស្លាបកម្ពុជា ឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិនៃដែនជម្រកសត្វព្រៃលំផាត់បាននិងកំពុងប្រឹងប្រែងយ៉ាងសកម្មក្នុងកិច្ចការពារនិងអភិរក្សសត្វស្លាបកម្រដែលមានក្នុងដែនជម្រកសត្វព្រៃនេះឲ្យបានល្អ និងដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកំសាន្តនិងស្វែងយល់នៅតំបន់នោះបានកាន់តែច្រើននៅពេលខាងមុខ៕