ឧបនាយករដ្ឋមន្រ្តីវៀតណាមព្យាករណ៍វិជ្ជមាន ចំពោះកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ​ ២០១៩

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩​ — ឧបនាយករដ្ឋមន្ត្រីវៀណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់អំពីលទ្ធផលនៃកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០១៨ និងបានព្យាករណ៍ជាវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ចជាតិក្នុងឆ្នាំ ២០១៩ នៅក្នុងបទសម្ភាសន៍ថ្មីមួយដែលត្រូវបានផ្តល់ឱ្យទីភ្នាក់ងារសារព័ត៌មានវៀតណាម។

យោងតាមបទសម្ភាសន៍នេះបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះបានត្រូវបានកត់ត្រានូវកំណើនខ្ពស់បំផុតមិនធ្លាប់មាន ដែលមានចំនួន ៧,០៨ភាគរយនៅក្នុងឆ្នាំ ២០១៨ ដែលធ្វើឱ្យល្បឿនសេដ្ឋកិច្ចកើនឡើងយ៉ាងឆាប់រហ័សផងដែរ ដោយឈានដល់តម្លៃ ២៤០,៥ប៊ីលានដុល្លារអាម៉េរិក ពោល គឺកើនឡើង ១,៣ដងខ្ពស់ជាងឆ្នាំ ២០១៥។

លោក Hue បាននិយាយថា ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់ៗមានចំនួនប្រមាណ ២.៦០០ដុល្លារអាម៉េរិក ពោលគឺកើនឡើងជិត ២០០ដុល្លារអាម៉េរិក បើធៀបទៅនឹងឆ្នាំ ២០១៧។

ឧបនាយករដ្ឋមន្រ្តីរូបនេះបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងលើគ្រប់វិស័យទាំងអស់ ដើម្បីបំពេញ និងបង្កើនគោលដៅកំណើន GDP ក្នុងឆ្នាំ ២០១៨ ដោយលោកបាននិយាយថា ធនធានដែលមានស្រាប់ត្រូវបានគេយកមកប្រើប្រាស់យ៉ាងពេញលេញ ដើម្បីធានានូវនិរន្តរភាព និងទូលំទូលាយនៃកំណើនសេដ្ឋកិច្ច។

លោកបានកត់សម្គាល់ថា ការកែច្នៃ ឧស្សាហកម្មផលិតកម្ម និងវិស័យសេវាកម្ម នៅតែជាកត្តារួមចំណែកដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចឆ្នាំ ២០១៨។

ក្រៅពីកំណើនសេដ្ឋកិច្ចខ្ពស់ គុណភាពនៃកំណើនក៏មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ផងដែរជាមួយនឹងការបង្កើនផលិតភាព គុណភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ ដែលត្រូវបានឆ្លុះបញ្ចាំងដោយ TFP (សន្ទស្សន៍កត្តាផលិតភាព) ដែលឈានដល់ ៤០,២៣ភាគរយក្នុងឆ្នាំនេះ បើប្រៀបធៀបចំនួន ៣៣,៥៨ភាគរយក្នុងរយៈពេលពេញចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)