ក្រសួងផែនការចាប់ផ្តើមបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់ធ្វើជំរឿន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

ក្រសួងផែនការចាប់ផ្តើមបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់ធ្វើជំរឿននៅតាមខេត្ត ស្រុក រាជធានី ខណ្ឌ ដើម្បីឈានទៅការធ្វើជំរឿនប្រជាសាស្រ្តឆ្នាំ២០១៩ ដែលនឹង ចាប់ផ្តើមពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៣ ខែមីនា ខាងមុខនេះ។
អគ្គនាយិកាវិទ្យាស្ថានសិ្ថតិនៃក្រសួងផែនការបានឲ្យដឹងថា មន្រ្តីជំនាញស្ថិតិរបស់ក្រសួងជាង១០០នាក់នៅថ្ងៃទី៦និងទី៧ ខែកុម្ភៈនេះ បានចុះទៅបណ្តុះបណ្តាលគ្រូបង្គោល ចំនួន៦០០នាក់នៅក្រុងស្រុកខណ្ឌរាជធានី ខេត្តនៅទូទំាងប្រទេស ដើម្បីឆ្ពោះទៅបណ្តុះបណ្តាលបន្តដល់មន្រ្តីធ្វើជំរឿនជាង៥ម៉ឺនាក់ នៅភូមិ ឃុំសង្កាត់នៅសប្តាហ៍ក្រោយនេះឲ្យមានបច្ចេកទេសនៃការចុះធ្វើ ជំរឿនប្រកបដោយប្រសិទ្ធភាព។
លោកជំទាវ ហង់ លីណា អគ្គនាយិកា វិទ្យាស្ថានស្ថិតិបានប្រាប់វិទ្យុជាតិឲ្យដឹង នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈនេះថា មន្រ្តីជំរឿនទំាងជាង៥ម៉ឺននាក់នេះត្រូវបានជ្រើសរើសចេញពីបុគ្គលិក សិក្សា លោកគ្រូអ្នកគ្រូដែលធ្លាប់ធ្វើចុះធ្វើជំរឿនកន្លងទៅ រួមទំាងសិស្សានុសិស្សក្រោយបញ្ចប់ថ្នាក់ទី១២ នៅមូលដ្ឋានស្រាប់ដើម្បីងាយស្រួលក្នុងការចុះធ្វើជំរឿន។ លោកជំទាវបន្តថា ការជំរឿនប្រជាសាស្រ្តឆ្នាំ២០១៩នេះ មន្រ្តីជំរឿងនឹងសួរសំនួរ ប្រជាពលរដ្ឋរហូតដល់៥៩សំនួរ ដើម្បីប្រមូលធាតុចូលដ៏សំខាន់ក្នុងការអង្កេតវាយតម្លៃពីស្ថានភាព ទំាងអស់របស់ប្រជាពលរដ្ឋ នាយម៉ឺនសព្វមុខមន្រ្តី នាយករដ្ឋមន្រ្តីនិងព្រះមហាក្សត្រ។លោកជំទាវបញ្ជាក់ថា ក្នុងអំឡុងពេលធ្វើជំរឿងនេះ ប្រជាពលរដ្ឋត្រូវផ្អាកធ្វើសកម្មភាព បំលាស់ទីលំនៅដ្ឋានក្នុងរយះពេលកន្លះខែចាប់ពីថ្ងៃទី២៨ខែកុម្ភៈដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ដើម្បីបង្កលក្ខណៈងាយស្រួលដល់មន្រ្តីជំរឿនបានជួបជាមួយប្រជាពលរដ្ឋប្រមូលព័ត៌មានអោយបានគ្រប់ជ្រុងជ្រោយតាមការកំណត់។ពិសេសកាត់បន្ថយការខ្ជះខ្ជាយពេលវេលា និង ថវិកា ខណៈជំរឿនលើកនេះត្រូវចំណាយថវិការបស់ជាតិទំាងស្រុងរហូតដល់ជាង៨លាន៣សែន ដុល្លាអាមេរិក។ យោងតាមសារអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះបានឲ្យដឹងថា នេះជាលើកទី ១ ហើយដែលប្រើប្រាស់ថវិកាជាតិក្នុងការធ្វើជំរឿននេះ បន្ទាប់ពីកម្ពុជា បានក្លាយជាប្រទេសមួយ មានចំណូលមធ្យមកម្រិតទាប។ ពលរដ្ឋម្នាក់ៗ មានកាតព្វកិច្ចចូលរួមសហការក្នុងការធ្វើជំរឿន ដូចដែលច្បាប់បានកំណត់។
មន្រ្តីវិទ្យាស្ថានស្ថិតិបានឲ្យដឹងថា ការធ្វើជំរឿនអាចផ្ដល់នូវទិន្នន័យប្រជាសាស្ត្រពិតប្រាកដ របស់ប្រទេស និងជួយឲ្យរាជរដ្ឋាភិបាលអាចរៀបចំតាក់តែងគោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាពនៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស៕