ធនាគារអភិវឌ្ឍន៍អាស៊ីពិនិត្យគម្រោងផ្តល់កម្ចីដល់កម្ពុជាសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

លោកស្រី Sunniya Durrani-Jamal ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានឲ្យដឹងថា ក្រុមបេសកកម្មដែលមាននិវេសដ្ឋានប្រចាំកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងដឹកនាំបេសកកម្មនៃកម្មវិធីឆ្នាំ២០១៩ ដើម្បីពិនិត្យឡើងវិញ និងបញ្ជាក់ជាមួយរាជរដ្ឋាភិបាលកម្ពុជាអំពីការផ្តល់ជំនួយ និងប្រាក់កម្ចីសម្រាប់២០១៩-២០២២។


ការថ្លែងបញ្ជាក់របស់ស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីនេះ ធ្វើឡើងក្នុងជំនួបជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៥ ខែកុម្ភៈ ក្នុងគោលបំណងពិភាក្សា និងពិនិត្យឡើងវិញអំពីការអនុវត្តគម្រោងកំពុងបន្ត និងកម្មវិធី នាពេលអនាគត ដែលពាក់ព័ន្ធនឹងការងារសាធារណការ និងដឹកជញ្ជូន។


បើតាមលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់អំពីគម្រោងផ្លូវថ្នល់ដែលកំពុងអនុវត្តបន្ត ដើម្បីពង្រីកបណ្តាញផ្លូវថ្នល់កម្ពុជា ដោយផ្តោតជាសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវច្រករបៀងសេដ្ឋកិច្ចរបស់មហាអនុតំបន់ទន្លេមេគង្គ និងការធ្វើសមាហរណកម្មថ្នាក់ជាតិ គម្រោងកាត់បន្ថយការកក់ស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ដូចជាការដាក់ឱ្យដំណើរការកាណូតដឹកអ្នកដំណើរតាមផ្លូវទឹក ការដាក់ឱ្យប្រើប្រាស់រថភ្លើងពីភ្នំពេញទៅព្រលានយន្តហោះ និងគម្រោងសាងសង់ថ្មីរោងចក្រប្រព្រឹត្តិកម្មសំណល់ទឹកកខ្វក់។ លោកក៏បានបញ្ជាក់អំពីការធ្វើឱ្យប្រសើរឡើងនូវកំពង់ផែក្រុងភ្នំពេញ និងកំពង់ផែក្រុងព្រះសីហនុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែផ្លូវទឹក និងធាតុផ្សំសំខាន់ៗនៃផែនការជាតិភស្តុភារកម្ម ។ លោកបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ីបន្តជួយគាំទ្រដល់គម្រោងផ្លូវថ្នល់ និងជួយដល់ក្រសួងទាក់ទងនឹងកម្មវិធីត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ លោកមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍អាស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្ពុជា។