សភាបារាំងអនុម័តច្បាប់ដើម្បីទប់ស្កាត់អំពើហិង្សាក្នុងពេលធ្វើបាតុកម្មតវ៉ា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៦.០២.១៩)

បារាំង៖ កាលពីថ្ងៃអង្គារសភាបារាំងបានអនុម័តច្បាប់មួយក្នុងគោលបំណងទប់ស្កាត់ការធ្វើបាតុកម្មតវ៉ាដោយហិង្សាដែលជាការឆ្លើយតបទៅនឹងបាតុកម្មប្រឆាំងរដ្ឋាភិបាលអស់រយៈពេលជាង ៣ ខែមកហើយដោយចលនានៃក្រុមអាវកាក់​លឿង ។

ទោះបីជាមានការរិះគន់ថាច្បាប់នេះបានបិទសិទ្ធសេរីភាពរបស់ប្រជាជន​ក៏ដោយ ក៏សភាបាន​អនុម័តក្នុងសម្លេងឆ្នោត៣៨៧ លើ ៩២ ដែលសំឡេងគាំទ្រភាគច្រើនគាំទ្រដោយគណបក្សរបស់លោកប្រធានាធិបតី លោក​អេម៉ានូអែល ម៉ាក្រុង​។

​ច្បាប់នឹងត្រូវយកទៅពិភាក្សាបន្ត នៅក្នុងសភាជាន់ខ្ពស់។សូមបញ្ជាក់ផងដែរថាចលនាអាវកាក់​លឿងបានផ្ទុះឡើងក្នុងខែវិច្ឆិកា ឆ្នំា ២០១៨ដែលជាការតវ៉ាប្រឆាំងនឹងការដំឡើងពន្ធប្រេងឥន្ធនៈប៉ុន្តែបានផ្លាស់ប្តូរទៅជាការបះបោរប្រឆាំងនឹងវិសមភាពព្រមទាំងតំណែងរបស់លោកប្រធានាធិបតីទៅវិញ ។