សមាគមបញ្ញវន្តមុស្លីមឥណ្ឌូណេស៊ី ពិភាក្សាអំពីគម្រោងខណៈកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំសហភាពបញ្ញវន្តមុស្លិមអាគ្នេយ៍

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ -កាលពីរសៀលថ្ងៃចន្ទ ១៥រោច ខែបុស្ស  ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៏ មុស្លិមកម្ពុជាលោកបណ្ឌិត ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានសហភាពបញ្ញវន្តមុស្លិមកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយ លោកបណ្ឌិត Mohammad Najib ប្រធានទំនាក់ទំនងកិច្ចការបរទេស របស់សមាគមសម្ព័ន្ធបញ្ញវន្តមុស្លិមឥណ្ឌូណេស៊ី និងសហការី ។

ក្នុងជំនួបពិភាក្សានេះ មានគោលបំណងជំរុញដល់បញ្ញវន្តមុស្លីម ក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍ ធ្វើជាកម្លាំងចលករដ៏សំខាន់របស់ជាតិ ដើម្បីចូលរួមក្នុងការលើកកម្ពស់ធនធានមនុស្ស សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស ព្រមទាំងពង្រឹងទំនាក់ទំនងរវាងស្រទាប់បញ្ញវន្តដែលជាធនធានមនុស្សដ៏សំខាន់ របស់ប្រទេសសមាជិក។ ក្នុងជំនួបនេះក៏មានវត្តមានរបស់សមាជិក សមាជិកា នៃសហភាពបញ្ញវន្តមុស្លិមកម្ពុជា ជាច្រើនរូបផងដែរ ។

ឯកឧត្ដម អូស្មាន ហាស្សាន់ មានប្រសាសន៍ថា ជំនួបពិភាក្សានេះផ្តោតសំខាន់ទៅលើ កិច្ចប្រជុំលើកទី២ ដើម្បីសម្រេចបន្ថែមប្រទេសមួយចំនួនទៀតក្នុងអាស៊ីអាគ្នេយ៍ ចូលជាសមា ជិក និងសមាជិកសង្កេតការណ៍ របស់សហភាពបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ក្រោយពីសមាគមនេះត្រូវបានប្រកាសបង្កើតជារូបរាង ក្នុងកិច្ចប្រជុំមួយនៅទីក្រុងឡាំប៉ុង ប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃ៦ ដល់៨ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពប្រធានា  ធិបតីឥណ្ឌូណេស៊ី ឯកឧត្តម Joko Widodo ។

លោកបណ្ឌិត Mohammad Najib បានមានប្រសាសន៍ថា ការបង្កើតសមាគមសម្ព័ន្ធបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ មិនមែនក្នុងហេតុផលមួយសំដៅដល់ការលើកកម្ពស់នៅក្នុងក្របខ័ណ្ឌសហគមន៍ឥស្លាមតែប៉ុណ្ណោះទេ ប៉ុន្តែវាជាការជំរុញដល់បញ្ញវន្តមុស្លីមក្នុងប្រទេសអាស៊ីអាគ្នេយ៍ ធ្វើជាកម្លាំងចលករដ៏សំខាន់របស់ជាតិ ដើម្បីចូលរួមក្នុងការលើកកម្ពស់ ធនធានមនុស្ស សេដ្ឋកិច្ច និង ការអភិវឌ្ឍប្រទេស ព្រមទាំងពង្រឹងទំនាក់ទំនងរវាងស្រទាប់បញ្ញវន្តដែលជាធនធានមនុស្សដ៏សំខាន់របស់ប្រទេសសមាជិក។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្វាគមន៍ក្នុងនាមជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំខាងមុខ ដែលគ្រោងនឹងធ្វើការរៀបចំនៅចុងខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ហើយឯក ឧត្តមក៏បានស្នើឱ្យភាគីឥណ្ឌូណេស៊ី ជាប្រទេសផ្តួចផ្តើមបង្កើតសមាគមនេះមុនគេ សូមពន្លឿនពង្រាងលក្ខន្តិក ដើម្បីផ្តល់ជូនប្រទេសសមាជិក ជាពិសេសកម្ពុជា ដែលត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ក៏ត្រូវការពិនិត្យឱ្យបានហ្មត់ចត់ ដើម្បីឯកភាពលើសេចក្តីព្រាងមុននឹងរៀបចំអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់ និងភាគីចាំបាច់ ចូលរួមក្នុងកិច្ចប្រជុំនោះផងដែរ ៕

ដោយសួស សំរិត