អង្គការសិល្បៈ ខ្មែរអមតៈ អះអាងថា ទម្រង់សិល្បៈច្នៃប្រឌិតថ្មីៗជាច្រើន បង្កើតឡើង ដើម្បីលើកស្ទួយវិស័យសិល្បៈខ្មែរ

AKP សៀមរាប ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ — អង្គការសិល្បៈ ខ្មែរអមតៈ បានបង្ហាញពីស្នាដៃច្នៃប្រឌិតរបាំដែលទើបបង្កើតថ្មីឈ្មោះថា ឆ្លើយឆ្លង តាមរយៈទម្រង់សិល្បៈបុរាណ ដោយប្រើឧបករណ៍ភ្លេងខ្មែរ ផ្សារភ្ជាប់នឹងក្បាច់រាំ​ប្រកបដោយភាពច្នៃប្រឌិត និងការនិទានបែបសហសម័យ ជូនដល់អ្នកទេសចរបរទេស​ទស្សនា ក្នុងគោលបំណងរួមចំណែកលើកស្ទួយវិស័យសិល្បៈខ្មែរតាមរយៈការច្នៃប្រឌិតថ្មីៗ។ក្នុងពិធីបង្ហាញស្នាដៃច្នៃប្រឌិតរបាំដែលទើបបង្កើតថ្មីឈ្មោះថា ឆ្លើយឆ្លង នៅខេត្ត សៀមរាប កាលពីរាត្រីថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០១៩ កញ្ញា យ៉ុន សុខន ប្រធានកម្មវិធីអភិវឌ្ឍន៍ សិល្បៈនៃអង្គការសិល្បៈ ខ្មែរអមតៈ បានបញ្ជាក់ថា ដើម្បីចូលរួមលើកស្ទួយវិស័យសិល្បៈខ្មែរ កន្លងមកនេះ អង្គការសិល្បៈ ខ្មែរអមតៈ បានធ្វើការងារជាច្រើនដូចជាការផ្តល់​អាហារូបករណ៍ ដល់​អ្នកសិល្បៈ និងយុវជនឱ្យបានរៀនអំពីសិល្បៈ និងការច្នៃប្រឌិតសិល្បៈថ្មីៗ ការសម្តែងជា ប្រចាំដើម្បីឱ្យអ្នកទេសចរបានទស្សនា ស្គាល់ និងបានឈ្វេងយល់ពីសិល្បៈ និងវប្បធម៌ខ្មែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សិល្បករ និងអ្នកធ្វើការក្នុងវិស័យសិល្បៈ និងវប្បធម៌ ដែលចង់ពង្រឹងសមត្ថភាព និងចំណេះដឹងសិល្បៈ ឬជំនាញផ្សេងទៀត ដើម្បី អភិវឌ្ឍន៍ខ្លួនសម្រាប់អាជីពក្នុងវិស័យនេះ។ កញ្ញាបន្តថា កាលពីឆ្នាំ ២០១៥ អង្គការសិល្បៈខ្មែរ អមតៈបានដឹកនាំអ្នកសិល្បៈមួយក្រុមនៅខេត្តសៀមរាបនេះ ដើម្បីបង្កើតស្នាដៃថ្មីដែលមាន​ស្គរតូច-ធំ ជាឧបករណ៍ភ្លេងនាំមុខ ហើយជាទូទៅស្គរត្រូវបានលេងដោយបុរស ជាពិសេស​គម្រោងនេះ ក៏ទទួលបានភាពជោគជ័យដោយសារក្រុមសិល្បករ សម្រេចចិត្តបន្តធ្វើស្នាដៃ តន្ត្រីនេះរួមគ្នា។ កញ្ញាបានលើកឡើងថា ដើម្បីផ្លាស់ប្តូរទស្សនៈយល់ ឃើញរបស់មហាជន​ចំពោះស្ត្រីក្នុងវិស័យសិល្បៈ ក្រុមអ្នកសិល្បៈមួយក្រុមនេះបានច្នៃ ប្រឌិតបង្កើតបានទម្រង់ សិល្បៈរបាំថ្មីមួយទៀតតាមទម្រង់បុរាណឈ្មោះថា ឆ្លើយឆ្លង ដែលសម្តែងដោយក្រុមសិល្ប ការិនី «មេធា» ដែលមានសមាជិកសុទ្ធតែជាស្ត្រីទាំងអស់ ដែលមានរបាំ និងតន្ត្រីដែល ពោរ ពេញដោយភាពច្នៃប្រឌិត ដោយរួមទាំងចម្រៀងដែលជាស្នាដៃនិពន្ធថ្មី និងសំឡេងអន្ទងនៃ​ស្គរ រួមជាមួយឧបករណ៍ភ្លេងខ្មែរជាច្រើនទៀត។
កញ្ញា យ៉ុន សុខន បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ អង្គការសិល្បៈ ខ្មែរអមតៈ ដោយ ផ្ដោតសំខាន់ទៅការច្នៃប្រឌិតថ្មី និងបង្កើតឱ្យមានស្នាដៃថ្មីៗកាន់តែច្រើន ដើម្បីធ្វើឱ្យវិស័យ​សិល្បៈខ្មែរកាន់តែមានភាពល្បីល្បាញ និងរស់រវើក។ កញ្ញាបន្ថែមថា កន្លងមកនេះ អ្នកទេស ចរណ៍របរទេសស្គាល់កម្ពុជាតែតាមប្រាសាទអង្គរ ដូច្នេះអ្វីដែលលើសពីនេះ គឺយើងចង់ឱ្យ គេស្គាល់កម្ពុជាតាមរយៈវិស័យសិល្បៈ និងវប្បធម៌ដ៏សម្បូរបែបបន្ថែមទៀត។

ជាមួយគ្នានេះដែរ សម្រាប់ការបង្ហាញពីស្នាដៃច្នៃប្រឌិតរបាំដែលទើបបង្កើតថ្មីឈ្មោះថា ឆ្លើយឆ្លង តាមរយៈទម្រង់សិល្បៈបុរាណ ដោយប្រើឧបករណ៍ភ្លេងខ្មែរ ផ្សារភ្ជាប់នឹងក្បាច់រាំ ប្រកបដោយភាពច្នៃប្រឌិត និងការនិទានបែបសហសម័យនៅពេលនេះ នឹងធ្វើឱ្យអ្នកទេស​ចរបរទេសដែលបានទស្សនាគឺមានការពេញចិត្ត និងបានឈ្វេងយល់ពីសិល្បៈវប្បធម៌ខ្មែរ។

សូមបញ្ជាក់ថា របាំដែលទើបបង្កើតថ្មីឈ្មោះថា ឆ្លើយឆ្លងនេះ នឹងសម្តែងរៀងរាល់ ថ្ងៃពុធ សុក្រ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ ល្ងាច នៅឯឆាកពិសោធន៍សិល្បៈខ្មែរអតមៈ ក្នុងបរិវេណ បាំប៊ូស្តេក ក្នុងខេត្តសៀមរាប ៕

ដោយ ឃុត សៅ