មន្ទីរបញ្ចកោណបញ្ជូនកងទ័ពជាង៣៧៥០មន្ថែមទៀត​ទៅកាន់ព្រំដែន អាម៉េរិក-ម៉ិកស៊ិក​

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ  ឆ្នាំ២០១៩ — មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងដាក់ពង្រាយ​កងទ័ពសកម្មប្រមាណ៣៧៥០នាក់បន្ថែមទៀត​ទៅកាន់តំបន់ព្រំដែនអាម៉េរិក-ម៉ិកស៊ិក​ សម្រាប់រយៈពេល​បីខែ ដើម្បីជួយដល់ទីភ្នាក់ងារនានានៅតាមព្រំដែន។

តាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយដោយវិមានបញ្ចកោណបានឱ្យដឹងថាការដាក់ពង្រាយនេះ នឹងបង្កើនឡើង​ដោយកងកម្លាំងសកម្មទាំងអស់ ក្នុងការជួយដល់អង្គភាព​ការពារនៅតាមព្រំដែន និងអង្គភាពគយ​តាមការប៉ាន់ស្មានប្រមាណដល់​៤៣៥០នាក់។

សេចក្តីថ្លែងការណ៍បាននិយាយថា អង្គភាពជំនួយទាំងនេះ គឺត្រូវបានគេដាក់ពង្រាយ​សម្រាប់រយៈពេល៩០ថ្ងៃ ហើយយើងនឹងបន្ត​ធ្វើ ដើម្បីធ្វើការវាយតម្លៃកងកម្លាំង​ដោយយោង​ទៅ​តាម​កិច្ចប្រជុំបេសកកម្ម ដើម្បីការពារ និងសន្តិសុខតាមព្រំដែននៅភាគខាងត្បូង។ សេចក្តី​ប្រកាសនេះ បានធ្វើឡើង​ខណៈពេលដែលសមាជិកសភាដែលរួមបក្សទាំងពីរ កំពុងព្យាយាម​ចរចា​រកកិច្ចព្រមព្រៀងមួយ ស្តីពីជំនួយសន្តិសុខនៅតាមព្រំដែន​ជាមួយនឹងទិដ្ឋភាពមួយ ដើម្បី​បញ្ជៀសនូវការបិទផ្នែកណាមួយផ្សេងមួយទៀតរបស់រដ្ឋាភិបាល។

ប្រធានាធិបតី​អាម៉េរិក​លោក ដូណាល់ ត្រាំ បានបង្ហើបនូវទស្សនៈនៃការប្រកាសគ្រា​អាសន្ន​ជាតិមួយម្តងហើយម្តងទៀត ប្រសិនបើកិច្ចព្រមព្រៀងនេះ​ដោយមិនបានរួមបញ្ចូល​ថវិកា​​សម្រាប់ការសាងសង់ជញ្ជាំងព្រំដែន​ជាមួយប្រទេសម៉ិកស៊ិកនោះ ដែលជាមូលដ្ឋាន​មួយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសប្រធានាធិបតីកាលពីឆ្នាំ២០១៦របស់លោក។

មន្ទីរបញ្ចកោណបាននិយាយថា កងទ័ពថ្មីនេះ នឹងត្រូវបានគេប្រើប្រាស់ដើម្បីធ្វើរបាំង​ការពារបន្ថែម​ និងផ្តល់នូវប្រព័ន្ធថ្មីដ៏ធំមួយ​ក្នុងការចល័តតាមឃ្លាំមើល និងគ្រប់គ្រងតំបន់នានា​នៅតាមព្រំដែន៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក  មាស សំអុល )