បេសកជនអាម៉េរិក ធ្វើទស្សនកិច្ចនៅការិយាល័យប្រធានាធិបតី សម្រាប់កិច្ចប្រជុំជាមួយទីប្រឹក្សាសន្តិសុខជាន់ខ្ពស់

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ  ឆ្នាំ២០១៩ — ប្រភពនានាបាននិយាយថា បេសកជនអាម៉េរិកទទួលបន្ទុកកូរ៉េខាងជើង​បានគ្រោងនឹង​ធ្វើ​ទស្សនកិច្ចទៅកាន់ការិយាល័យប្រធានាធិបតីរបស់កូរ៉េខាងត្បូង​នៅថ្ងៃចន្ទនេះ សម្រាប់កិច្ច​ប្រជុំ​មួយ ជាមួយទីប្រឹក្សាសន្តិសុខជាន់ខ្ពស់ ដើម្បីពិភាក្សាគ្នាលម្អិត​ពីកិច្ចប្រជុំកំពូលលើកទី២​ នាពេលឆាប់ៗខាងមុខនេះមួយ រវាងទីក្រុងវ៉ាស៊ីងតោន​និងទីក្រុងព្យុងយ៉ាង។

តាមប្រភពនេះបានឱ្យដឹងថា តំណាងពិសេសលោក ស្តេបហ្វេន ប៊ីហ្កាន​ ទំនងជានឹង​ធ្វើ​កិច្ចប្រជុំជាមួយទីប្រឹក្សាសន្តិសុខជាតិ​​លោក ជុង អ៊ី-យ៉ុង នៅពេលលោកធ្វើទស្សនកិច្ចនៅ​ការិយាល័យ ចេអុង វ៉ាដា នៅថ្ងៃបន្ទាប់។

កិច្ចប្រជុំនេះបានធ្វើឡើងនៅមុនកិច្ចចរចាកម្រិតការងារ​របស់លោក ប៊ីហ្កាន ជាមួយ​សមភាគី​កូរ៉េខាងជើងរបស់លោក​លោក Kim Hyok-chol នាថ្ងៃអង្គារស្អែកនេះ នៅភូមិ​សន្តិភាព ផានមូនជុំ ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំកំពូលលើកទី២មួយ រវាងប្រធានាធិបតី​អាម៉េរិក​​លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងេជើងលោក គីម ជុង-អ៊ុន​។

ពេលវេលា និងទីកន្លែងសម្រាប់កិច្ចប្រជុំកំពូលនេះ ថ្មីៗនេះដែលបានគ្រោងសម្រាប់​ចុងខែកុម្ភៈខាងមុខ មិនទាន់ត្រូវបានគេប្រកាសឱ្យដឹងនៅឡើយទេ ដោយប្រទេសវៀតណាម​បានកំណត់ធ្វើជាកន្លែងមួយ ក្នុងចំណោមកន្លែងអទិភាពមួយចំនួនទៀត។ លោក ត្រាំ បាន​និយាយនៅពេលមុននេះថា កាលបរិច្ឆេទ និងទីកន្លែង​នឹងត្រូវបានគេប្រកាសនៅក្នុង​សប្តាហ៍នេះ។

កិច្ចចរចានានានាសប្តាហ៍នេះ រវាងទីក្រុងវ៉ាស៊ីងតោន និងព្យុងយ៉ាង​បានគ្រោងផ្តោតជា​សំខាន់​ទៅលើការលម្អិតពីជំហាននែការធ្វើមិនឱ្យមាននុយក្លេអ៊ែរ ដែលកូរ៉េខាងជើងគួរតែ​យកទៅអនុវត្តន៍ និងមានវិធានការទាក់ទងគ្នាទៅវិញទៅមកពីអាម៉េរិក៕

( ប្រភព យន់ហាប់: បកប្រែដោយលោក  មាស សំអុល )