ប្រជាពលរដ្ឋ៧០០គ្រួសារនៅស្រុកសៀមបូកទទួលបាន ធុងចម្រោះទឹកស្អាត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក អ៊ានគឹមហឿន ប្រចាំខេត្តស្ទឹងត្រែង ៖

ប្រជាពលរដ្ឋចំនួន៧០០គ្រួសារនៅស្រុកសៀមបូកខេត្តស្ទឹងត្រែងទទួលបានធុងចម្រោះទឹកស្អាតប្រើប្រាស់សំរាប់ការពារសុខភាពរស់នៅក្នុងពេលដែលបងប្អូនមួយចំនួននៅឆ្ងាយពីទន្លេមេគង្គប្រើទឹក(អូរ-ស្ទឹង-បឹង-បួរ)ប្រឈមនឹង មេរោគប៉ារ៉ាស៊ីតក្នុងទឺក កាលណាចំអិនមិនល្អពេលបរិភោគ។

ក្នុងពិធីចែកធុងទឹកចម្រោះទឹកស្អាត នៅឃុំស្រែក្រសាំងស្រុកសៀមបូក ខេត្តស្ទឹងត្រែងថ្ងៃទី០១ គុម្ភៈឆ្នាំ២០១៩នេះ ឯកឧត្តម កឺម រ័ត្ន ពិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវេទិការសម្ពន្ធ័សង្គមស៊ីវិល មានប្រសាសន៍ថាៈ ធុងទឹកចម្រោះទាំងនេះអាចជួយសុខភាពបងប្អូនរស់ឲ្យមានសុវត្តិភាព ជាពិសេសកូនចៅតូចៗ មិនកើតជំងឺឆ្លងដូចជា រាគរុះ ឬមេរោគប៉ារ៉ាស៊ីតជាដើម ។

លោក ឈាង ឡាក់ អភិបាលរងខេត្តស្ទឹងត្រែងបានចាត់ទុកថាៈ នេះជាការយកចិត្តទុកដាក់របស់អាជ្ញាធរពាក់ព័ន្ធក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ក្នុងគោលបំណងចង់ឲ្យបងប្អូនយើងរស់នៅមានជីវភាពមានការរីកចំរើននឹងមានសុខភាពល្អ។

ក្នុងពេលនេះ ខ្ញុំក៍សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែរសូមឱ្យយកចិត្តទុកដាក់ក្នុងការថែរក្សា សម្ភារៈសម្រាប់ប្រើប្រាស់នេះព្រោះថាអ្វីក៍ដោយដែលជារបស់ទំនើបហើយបើយើងខ្វះការថែទាំក៍មិនអាចធានាដល់ការប្រើប្រាស់បានស្ថិតស្ថេរដែរ។

លោក ស្រី គឹម រ៉ាឌី ប្រជាពលរដ្ឋនៅភូមិអូរ ឬស្សីកណ្តាល ឃុំកោះសំពាយ ស្រុកសៀមបូក បានអះអាងថាៈ ពួកគាត់សប្បាយចិត្តទទួលបានធុងទឹកចម្រោះដោយមិនបាច់ចំណាយថវិកាទិញ ព្រោះវាជាឧបករណ៍មួយរួមចំណែក ជួយដល់សុខភាពបានល្អ ព្រោះទឹកស្អាតជាប្រភពចំបងដែលប្រជាពលរដ្ឋយើងប្រើប្រាស់ប្រចាំថ្ងៃ ចាប់តាំងពីការដាំស្លឡើងទៅ ។

(សម្លេង)ពីមុនខ្ញុំដងទឹកអូរមកវាមានភាពលំបាកនិងដាំទឹកហូប ដល់ពេលបានធុងទឹកចម្រោះខ្ញុំនឹងងាយស្រួលចម្រោះទឹកហូបជាប្រចាំ កាត់បន្ថយជម្ងឺព្រោះអីបានធុងទឹកចម្រោះហើយ ហូបបានជាប្រចាំ ពីមុនខ្ញុំដាំទឹកហូមទេ។

លោក ថោង ស្រាន់ អភិបាលស្រុក សៀមបូកបានគាំទ្រចំពោះការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋយយើងព្រោះនេះជាការរួមគ្នាលើកកម្ពស់សុខភាពតាមរយៈប្រើប្រាស់ទឹកស្អាត ហើយនៅក្នុងស្រុកសៀមបូកក៍មានប្រពន្ធ័ទឹកស្អាតចំនួន៣កន្លែងរួចមកហើយដែរ  តែប្រជាពលរដ្ឋមួយចំនួន គាត់នៅតាមផ្ទះ ស្រែ ចំការ ប្រើទឹកអូរ ស្ទឹង បឹងបួរ ប្រឈមនឹងបញ្ហាសុខភាព ។

សូមបញ្ជាក់ថា៖ពេលនេះបងប្អូនប្រជាពលរដ្ឋស្រុកសៀមបូក មានធុងទឹកចម្រោះប្រើប្រាស់គ្រប់គ្នាហើយ -ហើយសម្ភារៈនេះជាអំណោយរបស់ របស់រាជរដ្ឋាភិបាល ផ្តល់ជូនតាមរយៈ វេទិការសម្ពន្ធ័សង្គមស៊ីវិល៕